
ក្រុមហ៊ុនអាមេរិកចំនួន ១៥ ក្នុងនោះរួមទាំងក្រុមហ៊ុនផលិតបន្ទះអេឡិកត្រូនិកផងដែរ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគចំនួន ៨ពាន់លានដុល្លារ ក្នុងប្រទេសវៀតណាម ដែលផ្អែកលើការប្តេជ្ញាចិត្តរបស់ប្រទេសនេះ ចំពោះថាមពលកកើតឡើងវិញ។ នេះបើតាមមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក ដែលបាននិយាយ អំឡុងពេលបំពេញទស្សនកិច្ច នៅថ្ងៃសុក្រ (ទី២៦ ខែមករា) នេះ។
លោក Jose Fernandez អនុរដ្ឋមន្ត្រីទទួលបន្ទុកកំណើនសេដ្ឋកិច្ច ថាមពល និងបរិស្ថាន នៅក្រសួងការបរទេស បាននិយាយថា ក្រុមហ៊ុនទាំងនោះមានការប្ដេជ្ញាចិត្តចំពោះម្ចាស់ភាគហ៊ុន ដូច្នេះការវិនិយោគនឹងផ្អែលលើលក្ខខណ្ឌការអភិវឌ្ឍគោលនយោបាយថាមពលកកើតឡើងវិញ នៅក្នុងប្រទេសវៀតណាម។
អំឡុងសន្និសីទសារព័ត៌មាននាទីក្រុងហាណូយ នៅពេលសួរថា តើបណ្ដាក្រុមហ៊ុនអាមេរិកចង់វិនិយោគ នៅវៀតណាមដែរ ឬទេ លោក Fernandez បានឆ្លើយថា៖ «ក្រុមហ៊ុនទាំងនោះត្រៀមខ្លួនវិនិយោគ ក្នុងចំនួនទឹកប្រាក់រហូតដល់ ៨ពាន់លានដុល្លារ»។
តែយ៉ាងណាក្ដី លោកបានបន្ថែមថា ក្រុមហ៊ុនទាំងនោះបានសង្កត់ធ្ងន់ថា ពួកគេប្រឈមនឹងឧបសគ្គ ក្នុងការវិនិយោគនៅវៀតណាម ហើយជាពិសេសពួកគេត្រូវការប្រទេសនេះធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធច្បាប់របស់ខ្លួន សម្រាប់ថាមពលកកើតឡើងវិញ៕