
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់សម្ដេចនៅថ្ងៃនេះថា បុរសម្នាក់អាយុ ៥៦ឆ្នាំ គឺជាពលរដ្ឋទី៤លាន ដែលទទួលបានការចាក់វ៉ាក់សាំងនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា បុរសរូបនេះ ឈ្មោះ សូ សយ គឺជាអតីតយុទ្ធជនពិការជើងឆ្វេង ហើយរស់នៅក្នុងភូមិប្រទាល ស្ថិតក្នុងឃុំអណ្ដូងទឹក ស្រុមបទុមសាគរ ខេត្តកោះកុង។
សម្ដេចប្រមុខរាជដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ផងដែរថា អតីតយុទ្ធជនពិការជើងរូបនេះ នឹងទទួលបានប្រាក់ឧបត្ថម្ភ ១០លានរៀលដូចទៅនឹងពលរដ្ឋមុនៗដែលបានចាក់វ៉ាក់សាំងនៅលេខរៀងទី១ លាន លេខរៀងទី២លាន និងលេខរៀងទី៣លានកន្លងមកដែរ។
បើតាមទំព័រហ្វេសប៊ុកសម្ដេចតេជោ បុរជាអតីតយុទ្ធជនរូបនេះ នឹងទទួលបានថវិកាឧបត្ថម្ភ ដែលនឹងប្រគល់ជូនដោយលោកជំទាវ ឱ វណ្ណឌីន នៅថ្ងៃស្អែកនេះ។
គិតត្រឹមថ្ងៃនេះ យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅកម្ពុជា បានកើនលើស ៤លាននាក់ហើយ ឬស្មើនឹងខ្ទង់ ៤០ភាគរយនៃចំនួនពលរដ្ឋ ១០លាននាក់ ដែលជាគោលដៅកំណត់ដោយរាជរដ្ឋាភិបាល៕

