
ប្រទេសចិន នៅថ្ងៃសុក្រ (ទី២៦ ខែមករា) បានប្រាប់ឲ្យដឹងថា ខ្លួនបានកាត់ទោសជនជាតិអង់គ្លេសម្នាក់ក្នុងឆ្នាំ២០២២ ឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំពីបទចារកម្ម ជាការបញ្ជាក់ផ្លូវការរបស់ខ្លួនអំពីករណីដែលរហូតដល់សប្តាហ៍នេះ មិនទាន់មានចេញរបាយការណ៍នោះឡើយ។
សារព័ត៌មាន Wall Street Journal (WSJ) បានទម្លាយព័ត៌មានជាលើកដំបូងអំពីករណីរបស់ពាណិជ្ជករចក្រភពអង់គ្លេស លោក Ian Stones កាលពីថ្ងៃព្រហស្បតិ៍ (ទី២៥ ខែមករា) ដោយរាយការណ៍តាមរយៈការដកស្រង់សម្ដីពីគ្រួសាររបស់លោក និងប្រភពផ្សេងទៀតថា ពាណិជ្ជកររូបនោះបានបាត់ខ្លួននៅឆ្នាំ២០១៨ បន្ទាប់ពីធ្វើការជាច្រើនទសវត្សរ៍ នៅក្នុងប្រទេសចិន។
នៅថ្ងៃសុក្រនេះ នៅពេលសួរអំពីរបាយការណ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឆ្លើយថា តុលាការទីក្រុងប៉េកាំង ក្នុងឆ្នាំ២០២២ «បានកាត់ទោសករណីដំបូងលើចុងចោទជនជាតិអង់គ្លេសឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ សម្រាប់បទល្មើសព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការទទួលបានព័ត៌មានសម្ងាត់ដោយខុសច្បាប់ សម្រាប់ក្រុមហ៊ុនក្រៅប្រទេស" ។
លោកបានបន្ថែមថា បន្ទាប់ពីមានបណ្តឹងឧទ្ធរណ៍ ករណីនេះត្រូវបានតម្កល់ កាលពីខែកញ្ញាឆ្នាំមុន។ ដោយសំដៅលើលោក Stones ជាឈ្មោះភាសាចិន លោក Wang បានប្រាប់ថា៖ «តុលាការបានកាត់ទោសករណីនេះយ៉ាងតឹងរ៉ឹងតាមច្បាប់»។ លោកបានបញ្ជាក់ថា ទីក្រុងប៉េកាំង «បានធានាយ៉ាងពេញលេញនូវសិទ្ធិស្របច្បាប់ផ្សេងៗ» របស់អ្នកទោស ហើយបានរៀបចំឲ្យមន្ត្រីចក្រភពអង់គ្លេសទៅសួរសុខទុក្ខ និងចូលរួមការកាត់ក្តីរបស់ជនជាតិខ្លួន។
ប្រទេសចិន និងចក្រភពអង់គ្លេសបាននិយាយដាក់គ្នាធ្ងន់ៗទៅវិញទៅមក ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ជុំវិញការចោទប្រកាន់ដែលគេយល់ថា ជាអំពើចារកម្ម និងដែលផលរបស់វាប៉ះពាល់ដល់សន្តិសុខជាតិ។
ក្នុងខែនេះ ទីក្រុងប៉េកាំងបាននិយាយថា ប្រធានទីប្រឹក្សាបរទេស ត្រូវបានរកឃើញថា កំពុងធ្វើចារកម្មឲ្យសេវាស៊ើបការណ៍សម្ងាត់ MI6 របស់ចក្រភពអង់គ្លេស។ ចំណែកអង់គ្លេសបានព្រមានថា ចារកម្មចិនកំពុងដាក់គោលដៅកាន់តែខ្លាំងឡើងលើមន្ត្រីរបស់ខ្លួន ដែលការចោទប្រកាន់នោះត្រូវបានក្រុងប៉េកាំងបានបដិសេធ៕