
បណ្ដាមេដឹកនាំអាហ្វ្រិកត្រូវជួបប្រជុំគ្នានៅទីក្រុងរ៉ូម នាចុងសប្តាហ៍នេះ សម្រាប់កិច្ចប្រជុំកំពូល ដែលនាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni នៅទីបំផុតនឹងបង្ហាញផែនការយុទ្ធសាស្រ្ត ដែលមានគោលបំណងកំណត់ឡើងវិញនូវទំនាក់ទំនងរបស់ប្រទេសរបស់លោកស្រីជាមួយទ្វីបនេះ និងការទប់ស្កាតការធ្វើអន្តោប្រវេសន៍។
អ្វីដែលគេហៅថា ផែនការ Mattei ដែលត្រូវបានគេដាក់តាមឈ្មោះខាងចុងរបស់សពលោក Enrico Mattei ដែលបានបង្កើតក្រុមហ៊ុនថាមពលយក្សអ៊ីតាលី Eni ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ ត្រូវបានចាត់ទុកថា ជាមូលដ្ឋានគ្រឹះនៃគោលនយោបាយការបរទេសរបស់លោកស្រី Meloni ខណៈដែលលោកស្រីចង់ពង្រឹងជំហរការទូតរបស់ទីក្រុងរ៉ូម។
ប្រមុខរដ្ឋ និងរដ្ឋាភិបាលជាង ២០ប្រទេស នឹងមានវត្តមាននៅក្នុងទីក្រុងរ៉ូម សម្រាប់ព្រឹត្តិការណ៍នេះ ដែលចាប់ផ្តើមជាមួយនឹងអាហារពេលល្ងាច នៅថ្ងៃអាទិត្យ (ទី២៨ ខែមករា) មុនកិច្ចប្រជុំកំពូលជាផ្លូវការ នៅថ្ងៃចន្ទ (ទី២៩ ខែមករា) ជាពេលដែលលោកស្រី Meloni នឹងបង្ហាញថា ប្រទេសអ៊ីតាលីជាស្ពានតភា្ជប់ពិតៗ រវាងទ្វីបអាហ្វ្រិក និងអឺរ៉ុប។
ទោះបីជាព័ត៌មានលម្អិតនៃផែនការនេះត្រូវបានរក្សាទុកជាសម្ងាត់ ក៏អ៊ីតាលីបាននិយាយថា ខ្លួនចង់ធ្វើជាមជ្ឈមណ្ឌលឆ្លងកាត់ សម្រាប់ថាមពលអាហ្រ្វិក ខណៈពេលដែលជំរុញការវិនិយោគ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ នៅទូទាំងសមុទ្រមេឌីទែរ៉ាណេ៕