
កំពត៖ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ យោងតាមលទ្ធផល នៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត បានប្រកាសរកឃើញអ្នកវិជ្ជមានចំនួន ៦៥នាក់ បន្ថែមទៀតក្នុងនោះស្រី ៤៧នាក់។
អ្នកវិជ្ជមានទាំង ៦៥នាក់ខាងលើនេះ មានកម្មកររោងចក្រ កសិករ ទាហ៊ាន គ្រូពេទ្យ កុមារ សិស្ស និស្សិត ស្ត្រីមេផ្ទះ និងអាជីវករ ហើយពួកគេ ត្រូវបានដាក់ឱ្យសំរាកព្យាបាលនៅ មណ្ឌលព្យាបាលនានាក្នុងខេត្តកំពត ហើយយក្រុមឆ្លើយតបបន្ទាន់ បាននឹងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធជាមួយអ្នកវិជ្ជមានទាំង ៦៥នាក់ខាងលើជាបន្តទៀត។
អាជ្ញាធរខេត្តកំពត នៅតែអំពាវនាវឱ្យអ្នកដែលធ្លាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ខាងលើ សូមធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវចូលរួមដោយស្ម័គ្រចិត្តក្នុងការយកសំណាកទៅពិនិត្យ ក្នុងករណីសង្ស័យថា មានរោគសញ្ញានៃជំងឺកូវីដ១៩។
សូមបញ្ជាក់ថា គិតមកត្រឹមល្ងាចថ្ងៃទី២៨ ខែមិថុនា នេះ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុបទូទាំងខេត្តកំពត មានចំនួន ១៣៥០នាក់ កំពុងសម្រាកព្យាបាល ចំនួន ៥១១នាក់ និងអ្នកជាសះស្បើយចំនួន ៨២៦នាក់ និងមានអ្នកស្លាប់ចំនួន ១៣នាក់៕ អត្ថបទ៖ អាន សារីម


