ប្រជាជនហៃទី បានអំពាវនាវឱ្យមានដំណោះស្រាយបង្កើតឡើងនៅក្នុងស្រុកចំពោះវិបត្តិច្បាប់ និងសណ្តាប់ធ្នាប់របស់ប្រទេសនេះ បន្ទាប់ពីតុលាការប្រទេសកេនយ៉ា កាលពីថ្ងៃសុក្រ បានច្រានចោលផែនការបញ្ជូនមន្រ្តីនគរបាលទៅកាន់ប្រទេសកាន់ហៃទី ដើម្បីដឹកនាំបេសកកម្មអនុម័តដោយអង្គការសហប្រជាជាតិ។

ការសម្រេចនេះ បានធ្វើឱ្យមានការងឿងឆ្ងល់អំពីអនាគតនៃគំនិតផ្តួចផ្តើមមួយ មានគោលបំណងដើម្បីបំបាត់អំពើហិង្សារបស់ក្រុមជនអន្ធពាលនៅក្នុងប្រទេសតំបន់ការ៉ាអ៊ីបមួយនេះ។
ប្រទេសកេនយ៉ា សង្ឃឹមថា នឹងមានមន្ត្រីរបស់ខ្លួននៅក្នុងប្រទេសហៃទី ឱ្យបានឆាប់នៅក្នុងខែនេះ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តបេសកកម្ម កាលពីខែតុលា។
សេចក្តីសម្រេចនេះ កើតឡើងបន្ទាប់ពីករណីដូនជីកាតូលិក៦នាក់ ត្រូវបានចាប់ពង្រត់នៅក្នុងរដ្ឋធានីប្រទេសហៃទី ជិតមួយសប្តាហ៍កន្លងទៅនេះ ហើយក្រោយមកត្រូវបានដោះលែង ដែលបានធ្វើឱ្យរង្គោះរង្គើប្រទេស។

ឧក្រិដ្ឋកម្ម បានកើតឡើងនៅទីក្រុង ព័រ អូប្រាំង(Port-au-Prince) កាលពីថ្ងៃសុក្រ ទី ១៩ ខែមករា នៅពេលដែលខ្មាន់កាំភ្លើងប្រដាប់អាវុធ បានប្លន់រថយន្តក្រុង ហើយបើករថយន្តចេញដោយចាប់អ្នកដំណើរទាំងអស់ជាចំណាប់ថ្នូរ រួមទាំងដូនជី៦នាក់។
អង្គការសហប្រជាជាតិ បាននិយាយនៅសប្តាហ៍នេះថា ស្ថាប័ននេះបានចងក្រងឯកសារថា មនុស្សចំនួន ៤.៧៨៩នាក់ ត្រូវបានសម្លាប់ដោយអំពើហឹង្សារបស់ក្រុមជនអន្ធពាលនៅប្រទេសហៃទី កាលពីឆ្នាំមុន កើនឡើង ១១៩ភាគរយពីឆ្នាំ ២០២២ ហើយមនុស្ស ៣.០០០នាក់ទៀត ត្រូវបានចាប់ពង្រត់។