ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុន (JBAC) ចូលរួមប្រកួតប្រជែងកម្មវិធីសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ ដែលជាអនុសាសន៍ណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា។
ប្រភពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៧ មករា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា នៅក្នុងជំនួបសម្តែងការគួរសមជាមួយលោក មីស៊ុកូហ្សិ តាកេហារ៉ូ (Mizukoshi Takeharu) ប្រធានក្រុមប្រឹក្សាភិបាលសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុន ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ពីសារៈសំខាន់នៃកម្មវិធីប្រកួតប្រជែងកម្មវិធីសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ ថា ដើម្បីបង្កើនភាពសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព ដែលជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាល។
ជាការឆ្លើយតប ភាគីជំនួប បានទទួលយកសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី និងជំរុញឱ្យក្រុមហ៊ុនដែលជាសមាជិកចូលរួមក្នុងកម្មវិធីប្រកួតប្រជែងដ៏មានសារៈសំខាន់នេះ។
ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ទៅកាន់សមាគមជប៉ុនពីកាតព្វកិច្ចរបស់វិស័យឯកជនក្នុងការទទួលយកសិក្ខាកាមដើម្បីចុះកម្មសិក្សានៅតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថាន ទៅតាមការកំណត់របស់ច្បាប់ដែលរាជរដ្ឋាភិបាលអាណត្តិទី៧នេះ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់។ ឯកឧត្តម បានបន្តថា ការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងនេះ គឺជាប្រយោជន៍ទាំងវិស័យឯកជនដែលមានឱកាសក្នុងការសម្លឹងរកនិយោជិតដែលមានសក្តានុពល ទន្ទឹមនឹងនោះ ក៏ជាប្រយោជន៍ដែលសិក្ខាកាមដកស្រង់បទពិសោធន៍ជាក់ស្តែង ក៏ដូចជាឱកាសការងារផងដែរ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនសមាគមបន្ថែមទៀត អំពីគោលនយោបាយជាយុទ្ធសាស្ត្ររបស់ក្រសួងការងារនៅអាណត្តិទី៧នេះ ក្នុងការពង្រឹង និងពង្រីកកម្លាំងពលកម្មជំនាញសម្រាប់ទីផ្សារការងារផងដែរ៕អត្ថបទ៖ ឈិត បូរ៉ាវី







