យោធាអាមេរិក នៅថ្ងៃសៅរ៍ (ទី២៧ ខែមករា) នេះ បាននិយាយថា ខ្លួនបានកម្ទេចមីស៊ីលប្រឆាំងនាវារបស់ក្រុមហ៊ួទី នៅប្រទេសយេម៉ែន ដែលសំដៅចូលទៅក្នុងសមុទ្រក្រហម និងត្រៀមបាញ់ប្រហារ។

តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X (ពីមុនជា Twitter) ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានប្រាប់ឲ្យដឹងថា មីស៊ីលនេះបានបង្កការគំរាមកំហែងដល់នាវាពាណិជ្ជករ និងនាវាទ័ពជើងទឹកអាមេរិក ក្នុងតំបន់។ ហើយបើយោងតាមយោធាអាមេរិក បានឲ្យដឹងទៀតថា ការវាយប្រហារនេះបានកើតឡើងក្នុងរយៈពេល ៨ម៉ោង បន្ទាប់ពីមីស៊ីលប្រឆាំងនាវារបស់ក្រុមហ៊ួទីនេះ បានវាយប្រហារបង្កការខូចខាតនាវាដឹកប្រេង នៅឈូងសមុទ្រ Aden កាលពីថ្ងៃសុក្រ (ទី២៦ ខែមករា) ប៉ុន្តែមិនមានអ្នករងរបួសទេ។

នៅលើបណ្ដាញសង្គម X កាលពីថ្ងៃសៅរ៍នេះ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានប្រាប់បន្ថែមថា នាវា Marlin Luanda ដែលមានទង់ជាតិប្រជុំកោះ Marshall បានចេញការអំពាវនាវបង្ហាញពីទុក្ខលំបាក និងរាយការណ៍ពីការខូចខាត។ នាវា USS Carney និងនាវាសម្ព័ន្ធមិត្តផ្សេងទៀតកំពុងផ្តល់ជំនួយដល់នាវាដឹកប្រេងនេះ៕