រដ្ឋ Alabama កាលពីថ្ងៃសុក្រ (ទី២៦ ខែមករា) បានស្នើជួយដល់រដ្ឋផ្សេងទៀតរបស់សហរដ្ឋអាមេរិកដែលស្វែងរកការប្រហារជីវិតដោយប្រើឧស្ម័ននីត្រូហ្សែន ឬអាសូតឲ្យថប់ដង្ហើម ដោយការលើកឡើងនេះកើតមានប៉ុន្មានម៉ោងបន្ទាប់ពីរកឃើញនូវវិធីថ្មី ដើម្បីបញ្ចប់ជីវិតលោក Kenneth Smith ជាអ្នកទោសដែលត្រូវបានផ្ដន្ទាទោសពីបទឃាតកម្មឆ្នាំ១៩៨៨។

ជាមួយគ្នានេះ រដ្ឋក៏បានសន្យានឹងអនុវត្តបន្ថែមទៀត នៅរដ្ឋអាឡាបាម៉ានេះ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រចាំរដ្ឋលោក Steve Marshall បាននិយាយថា មនុស្ស ៤៣នាក់ផ្សេងទៀត ដែលស្ថិតក្នុងបញ្ជីប្រហារជីវិតបានជ្រើសរើសវិធីថប់ដង្ហើមនេះជាងការចាក់ថ្នាំពុល គិតចាប់តាំងពីសមាជិកសភា បានអនុម័តវិធីសាស្ត្រនេះ ក្នុងឆ្នាំ២០១៨។

រដ្ឋ Alabama បានហៅវិធីសាស្ត្រថ្មីនេះថា ជា «វិធីសាស្ត្រមនុស្សធម៌» ខណៈពេលដែលក្រុមសិទ្ធិមនុស្ស បានថ្កោលទោសវាថា ជាអំពើឃោរឃៅ និងធ្វើទារុណកម្ម។ លោក Marshall មកពីគណបក្សសាធារណរដ្ឋ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា៖ «រដ្ឋ Alabama បានអនុវត្តវិធីនេះ ហើយឥឡូវនេះ រដ្ឋផ្សេងក៏អាចធ្វើបែបនេះដែរ ហើយយើងត្រៀមខ្លួនជាស្រេច ដើម្បីជួយរដ្ឋដទៃទៀតក្នុងការប្រើវិធីសាស្រ្តនេះ»។
គួរបញ្ជាក់ដែរថា សមាជិកសភារដ្ឋ Oklahoma និង Mississippi បានបន្ថែមការប្រើឧស្ម័នអាសូតឲ្យថប់ដង្ហើមទៅក្នុងវិធីសាស្ត្រអនុវត្តទោសប្រហារជីវិតដែលត្រូវបានអនុញ្ញាតដោយរដ្ឋរបស់ពួកគេ ប៉ុន្តែមិនទាន់បានចាប់ធ្វើនៅឡើយទេ។ អ្នកនាំពាក្យរបស់រដ្ឋ Alabama បាននិយាយថា រដ្ឋ Alabama បានផ្តល់ឲ្យនាយកដ្ឋានកែប្រែរបស់រដ្ឋ Oklahoma នូវកំណែចុងក្រោយដោយឥតលាក់បាំងនៃនិតិវីធីថ្មីរបស់ខ្លួន៕