តាមរយៈសន្និបាតតុលាការកំពូលបានឱ្យដឹងថា នៅឆ្នាំ២០២៣ តុលាការកំពូល និងមហាអយ្យការអមបានទទួលសំណុំរឿងជាង ២៣០០រឿង និងចាត់ការរួចជិត ១៥០០រឿង។
តុលាការកំពូល បានប្រារព្ធសន្និបាតតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល សម្រាប់ឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ស្របតាមមាត្រា ៧៣ នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការ។
សន្និបាតនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល ក្នុងគោលបំណងបូកសរុបលទ្ធផលការងាររបស់តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ឆ្នាំ២០២៣ ដោះស្រាយបញ្ហាប្រឈមនានា និងកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២៤ ដើម្បីដោះស្រាយរឿងក្តីឱ្យបានយុត្តិធម៌ និងឆាប់រហ័ស។
តាមរយៈសន្និបាតតុលាការកំពូលបានឱ្យដឹងថា នៅឆ្នាំ២០២៣ កន្លងមកតុលាការកំពូល និងមហាអយ្យការអម តុលាការកំពូល បានទទួលសំណុំរឿងព្រហ្មទណ្ឌចំនួន ១២៥២ រឿង ចាត់ការរួចចំនួន ៨១៣ រឿង និងសំណុំរឿងរដ្ឋប្បវេណីចំនួន ១០៦៦ រឿង ចាត់ការរួចចំនួន ៦៦៧ រឿង ដូច្នេះជាសរុបមានចំនួន ២៣១៨ រឿង ចាត់ការរួចចំនួន ១៤៨០ រឿង នៅសល់ចំនួន ៨៣៨ រឿង។
តាមរយៈសន្និបាតបូកសរុបការងារឆ្នាំ២០២៣នេះដែរ បង្ហាញឱ្យឃើញថាការងារដែលតុលាការកំពូលសម្រេចបានក្នុងឆ្នាំ២០២៣ ទទួលបានលទ្ធផលរីកចម្រើនក្នុងការដោះស្រាយរឿងក្តី ក្នុងនោះរឿងក្ដីគ្រប់ប្រភេទត្រូវបានចាត់ការកើនឡើងចំនួន ១៩៣រឿង បើធៀបនឹងឆ្នាំ២០២២។ ជាងនេះទៅទៀត អង្គសន្និបាត បានធ្វើការពិភាក្សាដោយផុលផុស និងរកឃើញដំណោះស្រាយយ៉ាងល្អចំពោះបញ្ហាប្រឈម និងចំណុចខ្វះខាតនានា ដើម្បីអនុវត្តក្នុងឆ្នាំ២០២៤៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា





