កសិករបារាំងដែលពេញដោយការក្រេវក្រោធ កាលពីថ្ងៃសុក្រ (ទី២៦ ខែមករា) បាននាំគ្នាដុតកង់ឡាន និងសំរាម នៅតាមបណ្តោយផ្លូវ A20 ដែលជាការតវ៉ានឹងផែនការរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយការឧបត្ថម្ភធនរបស់រដ្ឋជាបណ្តើរៗលើប្រេងម៉ាស៊ូតកសិកម្ម។

វីដេអូសាក្សីផ្ទាល់ក៏បានបង្ហាញឲ្យឃើញផងដែរពីសំរាម ដែលត្រូវបានដឹកយកទៅចាក់ចោលនៅខាងក្រៅការិយាល័យរដ្ឋបាល ក្នុងទីក្រុង Montauban។ ក្រោយមករដ្ឋាភិបាលបារាំងបានប្រកាសថា ខ្លួននឹងទម្លាក់ផែនការ ក្នុងការកាត់បន្ថយការគាំទ្ររបស់រដ្ឋលើប្រេងម៉ាស៊ូត ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ ដើម្បីបន្ថយកម្ដៅនៃកំហឹងរបស់កសិករដែលបានគំរាមកំហែងប្រមូលផ្ដុំគ្នានៅរដ្ឋធានីប៉ារីស នៅក្នុងត្រាក់ទ័ររបស់ពួកគេ។

កសិករបារាំងបានចោទប្រកាន់រដ្ឋាភិបាលថា មិនបានធ្វើកិច្ចការឲ្យបានគ្រប់គ្រាន់ ដើម្បីជួយដល់ពួកគេ មានការប្រកួតប្រជែងមិនយុត្តិធម៌ ក្នុងចំណោមប្រទេសជិតខាង និងបង្កើតស្តង់ដារកសិកម្មតឹងរ៉ឹងដែលមានតម្លៃថ្លៃ ដែលពិបាកអនុវត្តគោរពតាម។

នៅថ្ងៃសុក្រនោះ ប្រធានសហជីពកសិកម្មដ៏ធំបំផុតរបស់ប្រទេសបារាំង FNSEA បាននិយាយថា លោកកំពុងអំពាវនាវឲ្យសមាជិករបស់ខ្លួនបន្តកម្មវិធីតវ៉ារបស់ពួកគេនេះ បើទោះបីជារដ្ឋាភិបាលបានប្រាប់ថា ខ្លួនមានគម្រោងធ្វើឲ្យជីវភាព និងការងាររបស់កសិករប្រសើរឡើងក៏ដោយ៕
