ក្រសួងការពារជាតិរបស់ទីក្រុងតៃប៉ិ នៅថ្ងៃសៅរ៍ (ទី២៧ ខែមករា) បាននិយាយថា យន្តហោះយោធាចិនជាង ៣០គ្រឿង ត្រូវបានប្រទះឃើញ ហោះក្រឡឹងកោះតៃវ៉ាន់ ក្នុងរយៈពេល ២៤ម៉ោង ដែលធ្វើឲ្យវាក្លាយជាការបង្ហាញពីកម្លាំងដ៏ធំបំផុត នៅជុំវិញកោះនេះ ចាប់តាំងពីកោះបានរៀបចំការបោះឆ្នោតដ៏សំខាន់។

សូមបញ្ជាក់ថា ប្រទេសចិនបានអះអាងទាមទារកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយមិនដែលបោះបង់ចោលនូវការប្រើកម្លាំង ដើម្បីព្យាយាមក្រសោបយកកោះដែលគ្រប់គ្រងដោយខ្លួនឯងឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។

នៅមុនការបោះឆ្នោតថ្ងៃទី១៣ ខែមករារបស់កោះតៃវ៉ាន់ ទីក្រុងប៉េកាំងបានព្រមានអ្នកបោះឆ្នោតថា បេក្ខជនតំណែងមេដឹកនាំលោក Lai Ching-te ដែលបច្ចុប្បន្នជាមេដឹកនាំលំដាប់ទី២ ដែលប្រទេសចិនបានហៅថា ជា «អ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់» នឹងនាំមកនូវ «សង្រ្គាម និងការអាប់ឱន» ប្រសិនបើត្រូវបានជ្រើសរើសឲ្យដឹកនាំកោះនេះ។
តែយ៉ាងណាក្ដី ទោះមានការព្រមានពីប្រទេសចិនម្ដងហើយម្ដងទៀត ក៏លោក Lai នៅតែឈ្នះការបោះឆ្នោត ដោយធានាបាននូវអាណត្តិទី៣ ដែលមិនធ្លាប់មានពីមុនមក សម្រាប់គណបក្សប្រជាធិបតេយ្យជឿនលឿន ដែលបានច្រានចោលជាយូរមកហើយនូវការទាមទារទឹកដីរបស់ចិនមកលើកោះតៃវ៉ាន់។
ក្នុងរយៈពេល ២៤ម៉ោង រហូតដល់ម៉ោង ៦ព្រឹក ម៉ោងក្នុងស្រុក នៅថ្ងៃសៅរ៍ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន ក្រសួងការពារជាតិបានឲ្យដឹងថា ខ្លួនបានឃើញយន្តហោះយោធាចិនចំនួន ៣៣គ្រឿង និងនាវាកងទ័ពជើងទឹកចំនួន ៧គ្រឿង ដែលកំពុងប្រតិបត្តិការ ជុំវិញកោះតៃវ៉ាន់ ដោយក្នុងនោះយន្តហោះ ១៣គ្រឿង បានហោះឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។
កងកម្លាំងប្រដាប់អាវុធរបស់កោះតៃវ៉ាន់បាន «តាមដានស្ថានភាពនេះ ហើយប្រើប្រាស់យន្តហោះ (ល្បាតតាមអាកាស) នាវាកងទ័ពជើងទឹក និងប្រព័ន្ធមីស៊ីលឆ្នេរសមុទ្រ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពដែលត្រូវបានរកឃើញនេះ»។
ការបង្ហាញកម្លាំងនេះក៏បានកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់សមាជិកសភាអាមេរិក ២រូបទៅកាន់ទីក្រុងតៃប៉ិ ដើម្បីជួបជាមួយមេដឹកជាប់ឆ្នោតលោក Lai និងមិត្តរួមតំណែងរបស់លោក គឺលោកស្រី Hsiao Bi-khim ដែលសុទ្ធតែត្រូវបានរិះគន់ដោយទីក្រុងប៉េកាំងថា ជា «អ្នកស្វែងរកឯករាជ្យទាំង២»៕