រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃសុក្រ (ទី២៦ ខែមករា) បានជូនដំណឹងជាផ្លូវការដល់សភាអំពីបំណងរបស់ខ្លួន ក្នុងការបន្តលក់យន្តហោះចម្បាំង F-16 តម្លៃ ២៣ពាន់លានដុល្លារទៅឲ្យប្រទេសទួរគី ដោយនេះជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបញ្ចប់ដំណើរការដែលត្រូវបានពន្យារពេលជាយូរមកហើយដែលបានពិសោធទំនាក់ទំនងជាមួយទីក្រុងអង់ការ៉ា។

ក្រសួងការបរទេសបានផ្ញើការជូនដំណឹងនេះ ដើម្បីជំរុញការលក់យន្តហោះ F-16 របស់ក្រុមហ៊ុន Lockheed Martin ចំនួន ៤០គ្រឿង និងយុទ្ធោបរណ៍ទំនើបៗជិត ៨០មុខ ដល់ប្រទេសទួរគី ពោលគឺនៅមួយថ្ងៃបន្ទាប់ពីទីក្រុងអង់ការ៉ា បានបញ្ចប់ទាំងស្រុងនូវការផ្តល់សច្ចាប័នលើសមាជិកភាពរបស់អង្គការណាតូ (NATO) របស់ប្រទេសស៊ុយអែត ជាការសម្រេចដែលមានភ្ជាប់ដោយផ្ទាល់ទៅនឹងការលក់យន្តហោះនេះ។

ក្នុងពេលជាមួយគ្នានេះ រដ្ឋបាលលោក Biden បានជំរុញដល់ការលក់យន្តហោះចម្បាំងបំបាំងកាយ F-35 របស់ក្រុមហ៊ុន Lockheed ចំនួន ២០គ្រឿងទៅឲ្យប្រទេសក្រិកដែលជាសម្ព័ន្ធមិត្តណាតូ ដែលជាកិច្ចព្រមព្រៀងតម្លៃ ៨,៦ពាន់លានដុល្លារ ដែលទីក្រុងវ៉ាស៊ីនតោនបានបន្តជំរុញដំណើរការនេះ ខណៈដែលខ្លួនព្យាយាមធ្វើឲ្យមានតុល្យភាព រវាងសមាជិកសម្ព័ន្ធមិត្ត ដែលមានប្រវត្តិទំនាក់ទំនងតានតឹង។
គួរបញ្ជាក់ថា ទួរគីបានស្នើសុំទិញយន្តហោះជាលើកដំបូង កាលខែតុលា ឆ្នាំ២០២១ ប៉ុន្តែការពន្យារពេលរបស់ទីក្រុងអង់ការ៉ា ក្នុងការអនុម័តផ្តល់សច្ចាប័នលើការស្នើសុំចូលជាសមាជិកអង្គការណាតូរបស់ប្រទេសស៊ុយអែត គឺជាឧបសគ្គធំចម្បង ក្នុងការទទួលបានការយល់ព្រមពីសភា សម្រាប់ការលក់ដូរនេះ។
តែបន្ទាប់ពីការពន្យារពេលរយៈពេល ២០ខែ សភាទួរគីនៅដើមសប្តាហ៍នេះបានផ្តល់សច្ចាប័នលើការស្នើសុំចូលអង្គការណាតូរបស់ប្រទេសស៊ុយអែត ហើយបន្ទាប់មកប្រធានាធិបតីសហរដ្ឋអាមេរិក លោក Biden បានសរសេរលិខិតមួយទៅកាន់មេដឹកនាំគណៈកម្មាធិការសភាសំខាន់ៗ ដោយជំរុញឲ្យពួកគេយល់ព្រមលើការលក់យន្តហោះចម្បាំង F-16 ដោយមិនមានការពន្យារពេល៕