អមដោយការបានបញ្ចេញវីដេអូពីភាពច្របូកច្របល់នៅក្នុងមន្ទីរពេទ្យ អង្គការសុខភាពពិភពលោក (WHO) បានប្រាប់ថា មន្ទីរពេទ្យ Nasser នៅទីក្រុង Khan Younis ដែលប្រឈមនឹងការលំបាក នៅតំបន់ហ្កាហ្សា ត្រូវបានជោរជន់ទៅដោយអ្នករងរបួស និងអ្នកដែលស្វែងរកកន្លេងជ្រកកោន កាលពីថ្ងៃសុក្រ (២៦ មករា) បន្ទាប់ពីរថក្រោះអ៊ីស្រាអែលបានវាយលុកតំបន់ជុំវិញកន្លែងនោះ។

មនុស្សដ៏ណែនណាន់តាន់តាប់ត្រូវបានគេឃើញនៅច្រកចូលមន្ទីរពេទ្យ ខណៈដែលបុគ្គលិកសុខាភិបាលបានធ្វើការយ៉ាងវក់វីជាមួយអ្នកជំងឺដែលដេកលើកម្រាលឥដ្ឋប្រឡាក់ឈាម ដែលពេញទៅដោយកាកសំណល់វេជ្ជសាស្ត្រ។

លោកវេជ្ជបណ្ឌិត Muhammad Harara បាននិយាយថា៖ «យើងមិនព្យាយាមព្យាបាលពួកគេដូចដែលយើងបានធ្វើពីមុននោះទេ យើងគ្រាន់តែព្យាយាមជួយរក្សាជីវិតពួកគេតែប៉ុណ្ណោះ»។ លោកបានបន្ថែមថា មន្ទីរពេទ្យកំពុងប្រឈមនឹងការខ្វះខាតសម្ភារៈវេជ្ជសាស្ត្រ ថ្នាំបំបាត់ការឈឺចាប់ ព្រមទាំងអ្នកសម្អាត ដោយបង្ខំបុគ្គលិកគ្លីនិកទទួលខុសត្រូវលើការសម្អាតនេះ។

WHO បានឲ្យដឹងថា អ្នកជំងឺ ៣៥០នាក់ និងមនុស្សផ្លាស់ទីលំនៅ ៥.០០០នាក់ កំពុងស្វែងរកទីជម្រក នៅមន្ទីរពេទ្យ។ ក្រុមគ្រូពេទ្យប៉ាឡេស្ទីនបាននិយាយថា រថក្រោះអ៊ីស្រាអែលក៏បានបាញ់ផ្លោងទៅលើគោលដៅ ជុំវិញមន្ទីរពេទ្យដែលនៅតែដំណើរការសំខាន់ផ្សេងទៀតរបស់ទីក្រុង គឺមន្ទីរពេទ្យ Al-Amal ដោយបង្កើតឲ្យមានស្ថានភាពស្រដៀងគ្នានេះ៕