ភ្នំពេញ៖ បណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជ បណ្ឌិត្យសភាកម្ពុជា បានថ្លែងថា បញ្ញាវន្តត្រូវតែចូលរួមជាមួយសង្គមជាតិឲ្យបានច្រើន ហើយប្រសិនបើរៀនបានក្លាយជាបណ្ឌិតហើយ មិនបានបញ្ចេញនៅពុទ្ធិ និងទស្សនះវិស័យក្នុងការចូលរួមចំណែកកសាងបង្កើតនូវសមិទ្ធផលថ្មីៗនិងស្នាដៃល្អៗដើម្បីជូនសង្គមជាតិ រួមនិងសម្រាប់អ្នកជំនាន់ក្រោយៗទេនោះ ដូច្នេះសញ្ញាបត្របណ្ឌិតដែលបានមកពីការខិតខំសិក្សាស្រាវជ្រាវនោះ គឺប្រៀបបាននឹងអត់តម្លៃអញ្ចឹង.។
ការលើកឡើងជាទស្សនះបែបរបស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា យ៉ាងដូច្នេះក្នុងខណះដែលមជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវនៃអគ្គលេខាធិការដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤នេះ បានរៀបចំការប្រឡងបញ្ចប់ឆមាសទី១ ជូននិស្សិតបណ្ឌិត ជំនាន់ទី៨ (វគ្គ១ និងវគ្គ២) និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី១២ (វគ្គ១ និងវគ្គ២) នៅសាលមហោស្រពខេមរវិទូនៃអគារខេមរវិទូ ដោយនិស្សិតបណ្ឌិត និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលមានឈ្មោះចូលរួមប្រឡងទាំងពីរនេះ មានចំនួន១៣៧ អង្គ/នាក់។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា សម្រាប់និស្សិតថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ដែលសិក្សានៅរាជបណ្ឌិត្យសភាទាំងអស់ ត្រូវតែសរសេរសារណា និងនិកេ្ខបបទ។ ព្រមទាំងសរសេរសារណាបែបវិទ្យាសាស្ត្រ ពោលគឺមិនអាចសរសេរជារបាយការណ៍បញ្ចប់បាននោះទេ។
លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់ថា ការសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា គឺផ្តោតលើគុណភាពវិជ្ជាសាស្ត្រ មានន័យថានិស្សិតដែលមានសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា គឺមានឧបនិស្ស័យវិទ្យាសាស្ត្រនៅក្នុងខ្លួន។ មានន័យថាឱ្យនិស្សិតទាំងអស់មាននិស័យសិក្សាស្រាវជ្រាវ ទៅលើជំនាញរបស់ខ្លួន ខណៈបច្ចុប្បន្ននេះ សង្គមនៅមានចំនួនខ្វះខាតលើការសិក្សាវិទ្យាសាស្ត្រ។
គួររំលឹកផងដែរថា សម្រាប់ការប្រឡងនាវេលាព្រឹកនេះ គឺនិស្សិតថ្នាក់បណ្ឌិត ត្រូវប្រឡងលើវិញ្ញាសាចំនួនពីរ មានដូចជា៖ វិធីសាស្រ្តស្រាវជ្រាវ និងទស្សនវិជ្ជា (ការគិតហ្មត់ចត់) ចំណែកឯនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិញ ត្រូវប្រឡងលើពីរវិញ្ញាសារដូចគ្នា រួមមានវីធីសាស្រ្តស្រាវជ្រាវ និង ទស្សនវិជ្ជា។ មុនពេលអាចឈានដល់ការសរសេរ និងការការពារសារណា និងនិក្ខេបបទ និស្សិតទាំងអស់ចាំបាច់ត្រូវតែប្រឡងឱ្យជាប់គ្រប់មុខវិជ្ជាទាំងអស់ដែលខ្លួនបានសិក្សារៀនសូត្រនៅក្នុងថ្នាក់ជាមួយលោកគ្រូ និងអ្នកគ្រូទៅតាមជំនាញ។
ជាសក្ខីភាព នៅរាជបណ្ឌិត្យសភាកម្ពុជា គឺផ្តោតជាសំខាន់លើគុណភាពនៃការសិក្សា ក្នុងន័យនេះ និស្សិតត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញសន្លឹកកិច្ចការប្រឡង ដោយពុំមានភាពធ្វេស ប្រហែសណាមួយឡើយ ដោយសារតែ រាល់ការប្រឡងនានា នៅរាជបណ្ឌិត្យសភាកម្ពុជា ឈរលើគោលការណ៍មួយច្បាស់លាស់ គឺ «ចេះគឺជាប់»៕ ដោយ.ភារម្យ






















