បាល់ទាត់៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា នឹងវិលត្រឡប់មកវិញនាចុងសប្ដាហ៍នេះបន្ទាប់ពីសម្រាកជាង ១ខែ ដោយសារក្រុមជម្រើសជាតិកម្ពុជាត្រូវចូលរួមការប្រកួតសេសសល់ ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសបារ៉ែនកាលពីពេលថ្មីៗកន្លងទៅ។

ជាមួយការត្រឡប់មកវិញនៃលីគកំពូលកម្ពុជានេះដែរ គេសង្កេតឃើញការប្រកួតមួយចំនួនត្រូវបានកែប្រែ បន្ទាប់ពីមានក្លិបមួយចំនួនតូចបានរកឃើញ ជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ តែយ៉ាងណាការប្រកួតនឹងបន្ដធ្វើក្រោមរបត់ថ្មី ជាមួយការធ្វើតេស្ដសំណាកយ៉ាងហោច ២ដងមុនការប្រកួតផ្លូវការនីមួយៗ។ នេះបើយោងតាមការបញ្ជាក់របស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC កាលពីថ្មីៗ។ ចំពោះកម្មវិធីប្រកួតនាចុងសប្ដាហ៍នេះ គឺជាការប្រកួតសន្សំពិន្ទុក្នុងសប្ដាហ៍ទី៦ ដោយនៅថ្ងៃទី៣ ខែកក្កដាគឺមាន ៣ប្រកួតរួមមាន ក្រុមវិសាខាត្រូវបើកទ្វារផ្ទះទទួលក្រុមណាហ្គាវើលដ៏ ក្នុងនាមគូពិសេសប្រចាំសប្ដាហ៍ ខណៈក្រុមការពារតំណែងជើងឯកបឹងកេតត្រូវជួបក្រុមម្ចាស់ផ្ទះខេត្តព្រៃវែង និងក្រុមសូលទីឡូអង្គរ ជួបក្រុមនគរបាលជាតិនៅកីឡដ្ឋាន SRU ខេត្តសៀមរាបនាវេលាម៉ោង ៣៖៣០នាទីរសៀលដូចគ្នា។
ដោយឡែកនៅថ្ងៃទី៤ ខែកក្កដាវិញមានតែ ១ប្រកួតប៉ុណ្ណោះរវាងក្រុមអគ្គិសនីកម្ពុជា និងក្រុមអាស៊ីអឺរ៉ុបនៅកីឡដ្ឋានអគ្គិសនីកម្ពុជានាវេលាម៉ោង ៣៖៣០នាទីរសៀល។ ចំណែកគូប្រកួតបង្គ្រប់សប្ដាហ៍ទី៦ មួយប្រកួតទៀតគ្រោងធ្វើឡើងនាថ្ងៃទី៨ ខែកក្កដាខាងមុខ រវាងក្រុមភ្នំពេញក្រោន និងក្រុមកងយោធពលខេមរភូមិន្ទនៅកីឡដ្ឋាន Smart RSN។ គួរបញ្ជាក់ថា គិតត្រឹមសប្ដាហ៍ទី៥ ក្រុមអង្គរថាយហ្គឺរកំពុងឈរកំពូលតារាងបណ្ដោះអាសន្ន ជាមួយកំណត់ត្រាមិនទាន់ស្គាល់ចាញ់ឡើយ បន្ទាប់ពីឆ្លងកាត់ ៥ប្រកួតឈ្នះ ៤ និងស្មើ ១ រកបាន ១៣ពិន្ទុ តាមពីក្រោយដោយក្រុមភ្នំពេញក្រោនឈរលេខ២ និងមាន ១២ពិន្ទុ បន្ទាប់ពីឈ្នះ ៤ប្រកួតជាប់គ្នា ខណៈក្រុមព្រះខ័នរាជស្វាយរៀងឈរលេខ៣ បន្ទាប់ពីឆ្លងកាត់ ៤ប្រកួតឈ្នះ៣ និងចាញ់ ១ រកបាន ៩ពិន្ទុស្មើក្រុមគិរីវង់សុខសែនជ័យដែរ៕ អត្ថបទ៖ លី ឈុនឡា

