ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines បានឲ្យដឹងថា ក្រុមហ៊ុនបានចាប់ផ្ដើមជើងហោះហើរជាបណ្តើរៗឡើងវិញហើយ សម្រាប់ក្រុមយន្តហោះ Boeing 737 MAX 9 របស់ខ្លួន កាលពីថ្ងៃសុក្រ (២៦ មករា) ពោលគឺ ៣សប្តាហ៍បន្ទាប់ពីការផ្ទុះដាច់បំណែកបង្អួចកណ្តាលអាកាស និងការចុះចតជាបន្ទាន់ ដែលបានជំរុញឲ្យមានការត្រួតពិនិត្យយ៉ាងទូលំទូលាយ ចំពោះយន្តហោះនេះ។

ការធ្វើដំណើរដំបូង គឺជើងហោះហើរលេខ១១៤៦ ពីទីក្រុង Seattle ទៅទីក្រុង San Diego ដែលបានចាកចេញ ៩០នាទីលើសម៉ោងកំណត់ចេញដំណើរ នៅវេលាម៉ោង ២:២០រសៀល ហើយបានមកដល់រដ្ឋកាលីហ្វ័រញ៉ានៅម៉ោង ៦:១៥ល្ងាច ម៉ោងក្នុងស្រុក។ ការធ្វើដំណើរនេះកើតឡើងបន្ទាប់ពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធ កាលពីថ្ងៃពុធ (ទី២៤ ខែមករា) បានប្រកាសពីកម្មវិធីថែទាំ និងត្រួតពិនិត្យ ដើម្បីអនុញ្ញាតឲ្យយន្តហោះ MAX 9 ដំណើរការសវាឡើងវិញ។

ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines បាននិយាយថា ខ្លួនរំពឹងថា ការត្រួតពិនិត្យចំពោះយន្តហោះ 65 MAX 9 របស់ខ្លួន នឹងត្រូវបញ្ចប់នៅចុងសប្តាហ៍ក្រោយ ដែលនឹងអនុញ្ញាតឲ្យមានដំណើរការឡើងវិញនៃកាលវិភាគហោះហើររបស់ខ្លួន៕