រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao បាននិយាយកាលពីថ្ងៃសុក្រ (ទី២៦ ខែមករា)ថា ប្រទេសចិន និងសហរដ្ឋអាមេរិកគួរតែប្រើប្រាស់យ៉ាងពេញលេញនូវយន្តការទំនាក់ទំនង និងផ្លាស់ប្តូរ ដែលត្រូវបានបង្កើតឡើងដោយនាយកដ្ឋានពាណិជ្ជកម្មនៃប្រទេសទាំង២ ហើយខិតខំបង្កើតបរិយាកាសធុរកិច្ចល្អប្រសើរ សម្រាប់សហគ្រាសរបស់ប្រទេសទាំងនេះ។

លោក Wang បាននិយាយថា ចក្ខុវិស័យផ្ដោតទៅអនាគត នៅទីក្រុង San Francisco ត្រូវបានជំរុញបន្ទាប់ពីកិច្ចប្រជុំប្រកបដោយជោគជ័យ រវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក កាលពីខែវិច្ឆិកាឆ្នាំមុន។ វាបានផ្តល់នូវទិសដៅច្បាស់លាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំង២ ហើយបានពង្រឹងទំនុកចិត្ត និងការរំពឹងទុកយ៉ាងខ្លាំងរបស់សហគមន៍ធុរកិច្ចនៃប្រទេសទាំង២ ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

លោក Wang បានបញ្ជាក់បន្ថែមថា ដោយធ្វើដំណើរឆ្ពោះទៅមុខ ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយភាគីសហរដ្ឋអាមេរិក ដើម្បីអនុវត្តដោយស្មោះអស់ពីចិត្តលើការឯកភាពគ្នាដែលសម្រេចបាន នៅក្នុងកិច្ចប្រជុំនាទីក្រុង San Francisco រវាងប្រមុខរដ្ឋទាំង២ ប្រើប្រាស់យ៉ាងពេញលេញនូវយន្តការទំនាក់ទំនង និងការផ្លាស់ប្តូរ និងយន្តការផ្លាស់ប្តូរព័ត៌មានត្រួតពិនិត្យការនាំចេញ ដែលបង្កើតឡើងដោយក្រសួងពាណិជ្ជកម្មចិន និងសហរដ្ឋអាមេរិក ហើយនិងខិតខំបង្កើតបរិយាកាសអំណោយផល សម្រាប់ស្ថិរភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំង២ ជាពិសេសសម្រាប់ក្រុមហ៊ុននានា៕