ទូរទស្សន៍ Al-Masira របស់ក្រុមហ៊ួទី នៅថ្ងៃសៅរ៍ (ទី២៧ ខែមករា) នេះ បានរាយការណ៍ថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានបើកការវាយប្រហារតាមអាកាសចំនួន ២ដង ដោយដាក់គោលដៅលើកំពង់ផែ Ras Issa ដែលជាស្ថានីយនាំចេញប្រេងដ៏សំខាន់របស់ប្រទេសយេម៉ែន។

ពាក់ព័ន្ធនឹងការរាយការណ៍នេះ នៅមិនមានព័ត៌មានលម្អិតបន្ថែមភ្លាមៗនោះទេ។ ការវាយប្រហារតាមអាកាសបានកើតឡើងនៅពេលដែលក្រុមឧទ្ទាមហ៊ួទីរបស់ប្រទេសយេម៉ែនមួយនេះ បានបង្កើនការវាយប្រហារលើនាវាដែលឆ្លងកាត់សមុទ្រក្រហម ក្នុងនោះរួមទាំងការវាយប្រហារ ដែលបង្កមានអគ្គិភ័យលើនាវាដឹកប្រេង កាលពីថ្ងៃសុក្រ (ទី២៦ ខែមករា) ផងដែរ។

យោធាអាមេរិកបាននិយាយថា នាវាដឹកប្រេង Marlin Luanda ដែលកំពុងប្រតិបត្តិការតំណាងឲ្យក្រុមហ៊ុនពាណិជ្ជកម្ម Trafigura បានរងការខូចខាត ប៉ុន្តែមិនមានការរាយការណ៍ថា មានអ្នករងរបួសទេ ហើយនាវាកងទ័ពជើងទឹកអាមេរិកកំពុងផ្តល់ជំនួយ។ ប្រមាណជា ៨ម៉ោងក្រោយមក យោធាអាមេរិក បានកម្ទេចមីស៊ីលប្រឆាំងនាវារបស់ក្រុមនេះ ដែលសំដៅចូលទៅក្នុងសមុទ្រក្រហម ហើយត្រៀមបាញ់វាយប្រហារ។
សូមបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធហ៊ួទីដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ បានចាប់ផ្តើមវាយប្រហារជាបន្តបន្ទាប់ដោយយានដ្រូន និងមីស៊ីល ទៅលើនាវានានា ចាប់តាំងពីថ្ងៃទី១៩ ខែវិច្ឆិកា ដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ ការវាយប្រហារបានកំណត់គោលដៅចម្បងលើនាវាកុងតឺន័រដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម។ នាវាដឹកប្រេងជាច្រើនបានបន្តប្រើប្រាស់ផ្លូវដឹកជញ្ជូននេះ៕