ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងថ្នាក់ដឹកនាំក្រុមហ៊ុន Phoenix Voyages រំពឹងទិវារត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trail ឆ្នាំក្រោយ នឹងមានកំណើនអ្នកចូលរួមទ្វេដង ក្រោយទទួលបានអ្នកចូលរួមតាមការគ្រោងទុក ក្នុងព្រឹត្តិការណ៍ Angkor Ultra Trail លើកទី៧ នៅតំបន់ឧទ្យានអង្គរ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។

ថ្លែងក្នុងពិធីប្រគលរង្វាន់ជយលាភី នៅក្នុងបរិណព្រះលានជល់ដំរី ឯកឧត្តមទេសរដ្ឋមន្ដ្រី មានប្រសាសន៍ថា ទិវារត់ប្រណាំងបែបផ្សងព្រេងឆ្នាំនេះ គឺជាជោគជ័យថ្មីមួយ ក្រោមកិច្ចសហការរួមគ្នារវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមហ៊ុន Phoenix Voyages ដោយទទួលបានអ្នកចុះឈ្មោះចូលរួមសរុបចំនួន ១,៥០០នាក់ មកពី ៥១ប្រទេស កើនឡើង ២៥% បើធៀបនឹងកាលពីឆ្នាំ២០២៣ កន្លងទៅ។

ឯកឧត្តមបណ្ឌិត ថោង ខុន បន្ដថា កំណើនអ្នកចូលរួមនេះ ស្របពេលរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយធ្វើដំណើរចូលរួមកាន់តែងាយស្រួល ជាក់ស្ដែងការបើកដំណើរការជើងហោះហើរត្រង់ផ្លូវឆ្ងាយមកកាន់ទឹកដីសៀមរាបអង្គរ និងការសិក្សាគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរថ្មី និងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប ឯកឧត្ដមសង្ឃឹមថា ព្រឹត្តិការណ៍ Angkor Ultra Trail ឆ្នាំក្រោយៗ នឹងមានអ្នកចុះឈ្មោះចូលរួមកាន់តែច្រើន ។

លោក Edouard George ប្រធានក្រុមហ៊ុន Phoenix Voyages បានសម្ដែងក្ដីរីករាយ ដែលរាជរដ្ឋាភិបាលកម្ពុជា តាំងពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា រហូតដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលនៅតែបន្ដការគាំទ្រឲ្យរៀបចំព្រឹត្តិការណ៍ Angkor Ultra Trail ជារៀងរាល់ឆ្នាំ។ ដោយមានការកិច្ចសហការល្អពីអាជ្ញាធរពាក់ព័ន្ធ ពិសេសថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជំរុញឲ្យព្រឹត្តិការណ៍នេះ ទទួលបានជោគជ័យកាន់តែខ្លាំង ហើយលោកសង្ឃឹមថា ឆ្នាំក្រោយ នឹងមានអ្នកចូលរួមទ្វេដង ។

គួរដឹងថា ព្រឹត្តិការណ៍ Angkor Ultra Trail រៀបចំឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយ និងអភិវឌ្ឍចលនាកីឡា, ជំរុញ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ផ្សព្វផ្សាយ និងលើកកម្ពស់បរិស្ថានតំបន់បេតិកភណ្ឌ និងជំរុញការផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរ ។ ម្យ៉ាងព្រឹត្តិការណ៍នេះក៏បានបង្ហាញយ៉ាងច្បាស់ទៅកាន់ភ្ញៀវទេសចរណ៍អន្តរជាតិ និងពិភពលោកថា កម្ពុជាពោរពេញទៅដោយសុខសន្ដិភាព និងមានលក្ខណៈស្រស់បំព្រងទាំងធម្មជាតិ និងប្រជាជនប្រកបដោយភាពរួសរាយរាក់ទាក់ផងដែរ ។

បន្ទាប់ពីវិញ្ញាសាខ្លះ រត់ពីព្រឹកព្រលឹម រហូតដល់យប់ជ្រៅនេះដែរ សម្រាប់រត់ចម្ងាយ ១០០គីឡូម៉ែត្រ លេខ១ បានទៅកីឡាករ Ni Yusheng មកពីចិន និងផ្នែកនារី លេខ១ បានទៅកីឡាការិនីចិនដូចគ្នា គឺកីឡាការិនី Wei Xinshuang ។ វិញ្ញាសារត់ ៦៤គីឡូម៉ែត្រ លេខ១ ផ្នែកបុរស បានទៅកីឡាករស្វីស Pagani Livio និងលេខ១ ផ្នែកនារី បានទៅកីឡាការិនី Gaardhoim Mari Kittel មកពីប្រទេសណ័រវ៉េ ។ ក្រៅពីនេះ ក៏មានការផ្ដល់ជយលាភីជូនអ្នករត់ចម្ងាយ ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ១៨គីឡូម៉ែត្រ និង ៨គីឡូម៉ែត្រផងដែរ៕ អត្ថបទ៖ លី ឈុនឡា










