ស៊ីហ្គេម៖ អតីតម្ចាស់មេដាយមាសកីឡាអាស៊ីឆ្នាំ២០១៤ និងជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ៣ជំនាន់ ស៊ន សៀវម៉ី បានលើកឡើងថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាគឺអស្ចារ្យជាងការប្រកួតកីឡាអូឡាំពិកទៅទៀត ព្រោះនេះគឺជាលើកដំបូងដែលកម្ពុជាទទួលបានសិទ្ធ ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាប្រចាំតំបន់នេះ។

ថ្លែងក្នុងកម្មវិធីទិវាអូឡាំពិកកាលពីថ្មីៗ សៀវម៉ី បានបញ្ជាក់ថា ក្នុងនាមអត្តពលិកអូឡាំពិក ខ្លួនគិតថា កីឡាអូឡាំពិកពិតជាអស្ចារ្យ និងសំខាន់ តែបើងាកមកមើលកម្ពុជាគឺនៅមានកម្រិតនៅឡើយ មានន័យថា ធនធានកីឡាករ-កីឡាការិនីកម្ពុជានៅមានកម្រិត មិនទាន់អាចឈានដល់កម្រិតអូឡាំពិកនៅឡើយ ហេតុនេះខ្លួនគិតថា ស៊ីហ្គេមនៅកម្ពុជាពិតជាអស្ចារ្យណាស់សម្រាប់កីឡាករ-កីឡាការិនីគ្រប់រូប។ កីឡាការិនីកម្ពុជាដំបូងដែលទទួលបានសិទ្ធ ចូលរួមប្រកួតកីឡាអូឡាំពិកនៅទីក្រុងរីយ៉ូកាលពីឆ្នាំ២០១៦ រូបនេះបានសង្កត់ធ្ងន់ថា ស៊ីហ្គេមនៅកម្ពុជាអស្ចារ្យជាងកីឡាអូឡាំពិកទៀត ព្រោះនេះជាលើកទី១ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ហើយបើសិនកីឡាករ-កីឡាការិនីកម្ពុជាដណ្ដើមបានមេដាយក្នុងប្រទេសរបស់ខ្លួន វាគឺជាមោទនភាពមួយដ៏អស្ចារ្យ ដែលកីឡាករ-កីឡាការិនីអាចយកមេដាយជូនជាតិក្នុងប្រទេសខ្លួនផ្ទាល់។
ដូច្នេះក្នុងនាមជាអ្នកកីឡាម្នាក់ សៀវម៉ី នៅតែស្រលាញ់ និងគាំទ្រ ទោះបីបច្ចុប្បន្នខ្លួនបានសម្រាកពីកីឡាក្ដី ហើយបើសិនខ្លួននៅតែមានឱកាស នាងមានបំណងចង់ក្លាយជាអត្តពលិកតំណាងប្រទេសកម្ពុជាម្នាក់នៅឆ្នាំ២០២៣ និងលើកទង់ជាតិកម្ពុជាលើកចុងក្រោយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។ នេះបើតាមការតាំងចិត្ត និងបង្ហាញជាសាធារណៈរបស់វីរកីឡាការិនីតេក្វាន់ដូកម្ពុជាក្នុងថ្ងៃ Olympic Day កាលពីសប្ដាហ៍មុន។ សូមរំឭកថា ក្នុងប្រវត្តិស៊ីហ្គេម ស៊ន សៀវម៉ី ធ្លាប់ឈ្នះមេដាយ ៤គ្រឿង ទី១-គឺមេដាយសំរឹទ្ធក្នុងស៊ីហ្គេមឆ្នាំ២០១១ នៅប្រទេសឥណ្ឌូនេស៊ីលើវិញ្ញាសាទម្ងន់ក្រោម ៦២គីឡូក្រាម ខណៈ ៣ទៀតសុទ្ធតែជាមេដាយមាស ដែលកីឡាការិនីកម្ពស់ ១ម៉ែត្រ និង ៨៣សង់ទីម៉ែត្ររូបនេះដណ្ដើមបានពីស៊ីហ្គេមឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា, ស៊ីហ្គេមឆ្នាំ២០១៧ នៅម៉ាឡេស៊ី និងស៊ីហ្គេមឆ្នាំ២០១៩ នៅហ្វីលីពីន។
លើសពីនេះ សៀវម៉ី ធ្លាប់បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រធំៗពីរទៀត ក្រោយដណ្ដើមមេដាយមាសកីឡាអាស៊ីលើកដំបូងជូនជាតិកាលពីឆ្នាំ២០១៤ នៅទីក្រុងអ៊ីនឈុន ប្រទេសកូរ៉េ និងទី២-នាងបានបំបែកកំណត់ត្រាជាអត្តពលិកកម្ពុជា ដែលទទួលបានសិទ្ធចូលរួមប្រកួតកីឡាអូឡាំពិកទីក្រុងរីយ៉ូ ក្រោយដណ្ដើមបានមេដាយមាស ក្នុងការប្រកួតជម្រុះប្រចាំទ្វីបអាស៊ីកាលពីឆ្នាំ២០១៦ កន្លងទៅ៕
អត្ថបទ៖ លី ឈុនឡា