សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤នេះ បានផ្ញើប្រគេនការស្រឡាញ ក្ដីអាណិតចំពោះកូននេន សីហា មានព្រះជន្ម ៥វស្សា គង់នៅវត្តព្រៃថ្មី ស្រុកទឹកឈូ ខេត្តកំពត និងប្រកាសជួយជាវដីពង្រីកវត្ត កសាងកុដិសម្រាប់ព្រះសង្ឃគង់នៅ។
តាមរយៈហ្វេសប៊ុកផ្លូវការសម្ដេចតេជោនៅថ្ងៃនេះបានសរសេរថា «ព្រឹកមិញបានជួបកូន អួន សារ៉ាត់ ដែលជាអ្នកផ្សព្វផ្សាយពីកូននេនសីហា។ ចំណុចសំខាន់តើត្រូវជួយកូននេន សីហារបៀបណា? និងការជួយកសាងកុដសម្រាប់ព្រះសង្ឃគង់នៅ និងទិញដីបន្ថែមដើម្បីពង្រីក និងកសាងវត្ត។»
សម្ដេចតេជោបន្តថា សម្ដេចនឹងចាត់ឱ្យតំណាងទៅជួបព្រះចៅអធិការវត្ត និងកូននេន សីហា ដោយរួមដំណើរជាមួយ អួន សារ៉ាត់ ដើម្បីពិភាក្សាដោះស្រាយជាក់ស្តែង។
ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់លោក អួន សារ៉ាត់ដែលបាន ជួយផ្សព្វផ្សាយពីកូននេន សីហា និងសូមអរគុណសប្បុរសជនដែលបានជួយដល់កូននេន សីហា ដើម្បីកសាងព្រះវិហារ និងសូមអំពាវនាវបន្តជួយរហូតរួចរាល់នូវព្រះវិហារនេះ។ សម្ដេចបានប្រកាសថា សម្ដេចនឹងជួយជាវដីដើម្បីពង្រីកវត្ត និងកសាងកុដសម្រាប់ព្រះសង្ឃគង់នៅ។
សម្ដេចតេជោ៖«ខ្ញុំទទួលខុសត្រូវលើការជាវដីពង្រីកវត្ត និងកសាងកុដិសម្រាប់ព្រះសង្ឃគង់នៅ។ ផ្ញើប្រគេនការស្រឡាញ់ និងក្តីអាណិតចំពោះកូននេនសីហាពីតា៕»




