យុវជនក្រីក្រ និងរងហានីភ័យជិត ៣០០នាក់ នៅទីក្រុងតេជោសែន រុនតាឯក បានចុះឈ្មោះរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ ដោយមិនគិតថ្លៃ ក្នុងជំហ៊ានទីមួយ ដែលការចុះឈ្មោះនេះ បានចាប់ផ្ដើមចូលរៀនជាបណ្ដើរៗ នៅអាគារអនុវិទ្យាល័យ ក្រុងតេជោសែន រុនតាឯក ខេត្ដសៀមរាប។

លោក រ៉ាត រតនៈ នាកយករង វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ មានប្រសាសន៍ថា យុវជនចំនួន ២៧២នាក់នោះបានចុះក្នុងបញ្ជីឈ្មោះរួចរាល់ ដោយរៀនមុខជំនាញ ឆុងកាហ្វេ ផលិតនំ ការតបណ្ដាញអគ្គិសនីក្នុងអាគារ ការជួសជុល និងថែទាំរថយន្ដ និងបរិស្ថានម៉ាស៊ីត្រជាក់ ។ លោកបានបន្ដថា ក្នុងនោះយុវជនមានប័ណ្ណក្រីក្រ នឹងទទួលបានប្រាក់ឧបត្ថម្ភ ២៨ម៉ឺនក្នុងមួយខែថែមទៀតផង ហើយបានចាប់ផ្ដើមបណ្ដុះបណ្ដាលបណ្ដើរៗ សម្រាប់ថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ។

ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជននេះ ទៅតាមអនុសាសន៍សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ដែលធ្វើយ៉ាងណាផ្ដល់ជំនាញដល់ពួកគាត់ក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក។ លោកបន្ដថា ការផ្ដល់ជំនាញវិជ្ជាជីវៈដល់យុវជននេះ មិនមែនមានតែយុវជននៅក្រុងតេជោសែន រុនតាឯកនោះទេ គឺធ្វើឡើងទាំង១២ក្រុងស្រុក នៃខេត្ដសៀមរាប។ កន្លែងបណ្ដុះបណ្ដាលមានពីរទីតាំង គឺធ្វើឡើងនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ និងនៅអគារសិក្សាអនុវិទ្យាល័យតេជោសែនរុនតាឯក។ លោកថា ក្រោយពីពួកគាត់បានបញ្ចប់ការសិក្សានឹងទទួលបានចុះកម្មសិក្សាផ្ទាល់ជាមួយក្រុមហ៊ុនវិស័យឯកជន ឬសហគ្រាស យ៉ាងតិចរយៈពេល២សប្ដាហ៍ ហើយអាចជួយសម្របសម្រួលការងារដល់ពួកគាត់ផងដែរ។កាសិក្សាមានបីវេន ដែលវេនទីមួយពេលថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ មានរយៈពេល៤ខែ ។វេនទី២ សិក្សានៅថ្ងៃសៅរ និងថ្ងៃអាទិត្យ មានរយៈពេល១០ខែ និងវេនទី៣ពេលយប់ ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ មានរយៈពេល៨ខែ។

លោក រ៉ាត រតនៈ បានបន្ថែមថា ក្នុងការអនុវត្ដន៍គម្រោងបណ្ដុះបណ្ដាលជំនាញដល់យុវជនក្រីក្រ និងរងហានីភ័យចំនួន១.៥លាន់ ក្នុងរយៈពេល៥ឆ្នាំរបស់រាជរដ្ឋាភិបាល ក្នុងខេត្ដសៀមរាប នឹងទទួលចុះឈ្មោះយុវជនក្រីក្រ និងរងហារនីភ័យ មានប្រមាណជាង៦ពាន់នាក់ ប៉ុន្ដែសម្រាប់ជំហ៊ានទី១នេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានទទួលចុះឈ្មោះរួចរាល់ជាង៦០០នាក់ ក្នុងនៅតំបន់អភិវឌ្ឍន៍រុនតាឯក២៧២នាក់៕



