កងទ័ពជើងទឹកឥណ្ឌា ត្រូវបានដាក់ពង្រាយកាលពីថ្ងៃសៅរ៍ ដើម្បីជួយនាវាម៉ាលីន លូនដា (Marlin Luanda) ដែលជានាវាពាណិជ្ជកម្ម បន្ទាប់ពីនាវានេះ បានទទួលរងការវាយប្រហារដោយមីស៊ីលប្រឆាំងនាវារបស់ក្រុមហ៊ូធីនៅ ក្នុងឈូងសមុទ្រអេដែន(Aden)។
ពាណិជ្ជកររបស់ក្រុមហ៊ុនដឹកទំនិញត្រាហ្វីហ្គូរ៉ា (Trafigura) និងយោធាអាមេរិក បាននិយាយកាលពីថ្ងៃសុក្រថា នាវាដឹកប្រេងមួយគ្រឿងត្រូវភ្លើងឆេះ ប៉ុន្ដែមិនមានអ្នកស្លាប់ និងអ្នករងរបួស ត្រូវបានគេរាយការណ៍អោយដឹងទេ បន្ទាប់ពីនាវានោះបានទទួលរងការវាយប្រហារមក។

អ្នកនាំពាក្យកងទ័ពជើងទឹកឥណ្ឌា បាននិយាយនៅលើបណ្តាញសង្គមX ដែលមុនឈ្មោះថាTwitter ថា កងទ័ពជើងទឹកឥណ្ឌា បានដាក់ពង្រាយក្រុមការពារនុយក្លេអ៊ែរ អាវុធជីវសាស្រ្ដ ហើយនិងអាវុធគីមីរួមជាមួយឧបករណ៍ប្រយុទ្ធ ដើម្បីឆ្លើយតបទៅនឹងការហៅទូរស័ព្ទបន្ទាន់របស់នាវាដឹកប្រេងដែលមាននាវឹកឥណ្ឌា២២នាក់ និងនាវឹកបង់ក្លាដែសម្នក់ នៅលើនាវានោះ។
តាមរូបភាពដែលផ្សព្វផ្សាយដោយកងទ័ពជើងទឹកឥណ្ឌា បានបង្ហាញផ្នែកជាច្រើននៃនាវាដែលមានដោតទង់ជាតិកោះម៉ាសសាល (Marshall Islands) ត្រូវភ្លើងឆេះ និងដុំផ្សែងកំពុងហុយឡើងទៅលើអាកាស។
កាលពីដើមខែនេះ កងទ័ពជើងទឹក បាននិយាយថា ខ្លួនបានជួយសង្រ្គោះនាវិកនៃនាវា១គ្រឿង ដែលមានម្ចាស់ជាជនជាតិអាមេរិក នៅក្នុងឈូងសមុទ្រអាដែន(Aden)បន្ទាប់ពីបានទទួលរងការវាយប្រហាររបស់ក្រុមចលនាហ៊ូធី ស្របពេលដែលមានភាពតានតឹងនៅផ្លូវសមុទ្រក្នុងតំបន់ដែលបានបន្ទុចបង្អាក់ដល់ពាណិជ្ជកម្មពិភពលោកទៀតផង៕ អត្ថបទ៖ មករា
