អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បាននិយាយថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលតម្រង់គោលដៅជាច្រើនគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួននៅថ្ងៃអាទិត្យ (២៨ មករា) នេះដែលជាការបាញ់បង្ហោះលើកទីពីររបស់ខ្លួនក្នុងរយៈពេលតិចជាងមួយសប្តាហ៍។
អគ្គសេនាធិការ JCS បាននិយាយថា មីស៊ីលទាំងនោះត្រូវបានបាញ់នៅម៉ោងប្រហែល ៨ព្រឹក (ម៉ោងក្នុងស្រុក) ហើយកំពុងត្រូវបានវិភាគដោយអាជ្ញាធរចារកម្មកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដោយមិនបានបញ្ជាក់ពីចំនួនមីស៊ីលដែលត្រូវបានបាញ់នោះទេ។

អគ្គសេនាធិការនោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ខណៈពេលដែលពង្រឹងការឃ្លាំមើល និងការប្រុងប្រយ័ត្ន យោធារបស់កូរ៉េខាងត្បូង កំពុងសហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ហើយកំពុងតាមដានសញ្ញា និងសកម្មភាពបន្ថែមពីកូរ៉េខាងជើង»។
ការបាញ់បង្ហោះចុងក្រោយនេះបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីកូរ៉េខាងជើង បានបាញ់នូវអ្វីដែលខ្លួនហៅថា បាញ់មីស៊ីលតម្រង់គោលដៅយុទ្ធសាស្ត្រថ្មីមួយឈ្មោះថា មីស៊ីល «ភូលវ៉ាសាល ៣-៣១» (Pulhwasal-3-31) ដែលបង្ហាញថាមីស៊ីលនោះមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។
កូរ៉េខាងជើង កំពុងបង្កើនការប្រឈមមុខដាក់គ្នាជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ប៉ុន្តែក្រុមមន្ត្រីនៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បាននិយាយថា ពួកគេមិនបានរកឃើញសញ្ញាណាមួយដែលទីក្រុងព្យុងយ៉ាង មានបំណងចាត់វិធានការយោធាក្នុងពេលឆាប់ៗនោះទេ៕
