និស្សិតខ្មែរពីររូបរៀនជំនាញនៅសកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន (Harbin Institute of Technology (HIT) ប្រទេសចិន ក្នុងនោះម្នាក់រៀនជំនាញវិទ្យាសាស្រ្ត និងវិស្វកម្មអវកាស និងម្នាក់ទៀតរៀនជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងបច្ចេកវិទ្យា សន្យានឹងយកចំណេះជំនាញរបស់ពួកគេបម្រើដល់ប្រទេសជាតិ ក្រោយបញ្ចប់ការសិក្សាជាអនុបណ្ឌិត នៃសកលវិទ្យាល័យដ៏ល្បីមួយនេះ។
យុវជន ទា ប៉េងស៊ាង ជានិស្សិតឆ្នាំទី៣ លើជំនាញវិទ្យាសាស្ត្រ និងវិស្វកម្មអវកាស ហើយក៏ជានិស្សិតខ្មែរដំបូងផងដែរ ដែលបានចាប់ជំនាញមួយនេះនៅសកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ដោយប្អូនប្រុសសន្យាថា នឹងយកនូវជំនាញមួយនេះមកបម្រើដល់ប្រទេសជាតិ ជាមួយនឹងក្តីរំពឹង មុតមាំថា កម្ពុជានឹងអាចបង្ហោះនូវផ្កាយរណបបានដោយខ្លួនឯងនាពេលអនាគតផងដែរ។ និស្សិត ទា ប៉េងស៊ាង បានបញ្ជាក់បន្ថែមថា ជំនាញវិទ្យាសាស្ត្រ និងវិស្វកម្មអវកាសគឺសិក្សាចម្បងទៅលើមូលដ្ឋាន នៃវិទ្យាសាស្ត្រអវកាស បរិស្ថានអវកាស និងការរុករកថ្មី ក្នុងលំហអវកាស ហើយជំនាញនេះគឺសិក្សាជំនាញសំខាន់បីបញ្ចូលគ្នាដូចជា ជំនាញមេកានិច អគ្គិសនី និងវិទ្យាសា្រស្តកុំទ្យូទ័រ ហើយបច្ចេកវិទ្យាទាំងនេះ គឺប្រើក្នុងវិស័យអវកាសដូចជាវិស្វកម្មអវកាស វិស្វកម្មរុករកថ្មីលើភពព្រះចន្ទ និងផ្កាយរណបជាដើម។
ដោយឡែកយុវជន ពិន ប្រាកដ ដែលជានិស្សិតឆ្នាំទី៤ សិក្សាលើជំនាញវិទ្យាសាស្ត្រកំព្យូទ័រ និងបច្ចេកវិទ្យា ក៏បានសន្យាថានឹងយកចំណេះដឹងរបស់ខ្លួនមកបម្រើដល់ប្រទេសជាតិផងដែរ ទាំងវិស័យឯកជន និងវិស័យរដ្ឋ ខណៈការសិក្សាលើជំនាញមួយនេះ គឺជាក្តីប្រាថ្នារបស់ប្អូនតាំងពីប្អូនរៀននៅសាលាបឋមភូមិមកម្លេះ។
បើតាមការបញ្ជាក់របស់យុវជន ពិន ប្រាកដ សាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ដែលហៅកាត់ថា HIT គឺជាសាកលវិទ្យាល័យកំពូលទីមួយរបស់ចិនខាងអវកាស ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២០ មានទីតាំងស្ថិតនៅទីក្រុងហាប៊ីន ខេត្តហៃឡុងជាំង សាធារណរដ្ឋប្រជាមានិតចិន។ សព្វថ្ងៃ HIT មានសាខាចំនួនបី នៅទីក្រុងហាប៊ីន ទីក្រុងវៃហាយ និងទីក្រុងសិនជិន។ សកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ជាសមាជិកមួយនៃលីគ C9 (C9 League) ដែលជាលីគប្រជុំដោយសកលវិទ្យាល័យកំពូលៗទាំង 9 របស់ប្រទេសចិន។ នេះបើយោងតាមរបាយការណ៍ពិភពលោក U.S. News ឆ្នាំ ២០២៣ ហើយHIT ទទួលបានចំណាត់ថ្នាក់ លេខ ៥ទៅលើជំនាញវិស្វកម្ម, លេខ ៦ទៅលើជំនាញ AI, លេខ ៧ទៅលើជំនាញវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិក និងលេខ ៨ទៅលើជំនាញវិស្វកម្មមេកានិក។

យុវជន ពិន ប្រាកដ បានឲ្យដឹងទៀតថា ចំណុចពិសេសរបស់សកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន គឺភាពឈានមុខគេក្នុងវិស័យអវកាស អាចនិយាយបានថា ជាសកលវិទ្យាល័យតែមួយគត់ក្នុងប្រទេសចិនដែលមានសមត្ថភាព រចនា ផលិត និងបាញ់បង្ហោះផ្កាយរណបដោយខ្លួនឯង គិតត្រឹមឆ្នាំ២០២៣ សកលវិទ្យាល័យនេះ បានបង្ហោះដោយជោគជ័យនូវផ្កាយរណបចំនួន ២២ គ្រឿង លើសពីនេះ បានគាំទ្រជាបច្ចេកវិទ្យាស្នូលដល់គ្រប់ការបង្ហោះយានអវកាសរបស់រដ្ឋាភិបាលចិនកន្លងមក។ ទាំងអស់នេះបង្ហាញពីភាពស្ទាត់ជំនាញទៅលើជំនាញទាំងឡាយដែលគាំទ្រឱ្យវិស័យអវកាសដូចគ្នា រួមមានវិស្វកម្ម មេកានិក អគ្គិសនី បច្ចេកវិទ្យា។ល។ជាដើម។ ប្អូនប្រុសបានបន្ថែមទៀតថា បច្ចុប្បន្ន មាននិស្សិតខ្មែរជាង៤០នាក់ បានកំពុងសិក្សានៅសកលវិទ្យាល័យដ៏ល្បីមួយនេះ ហើយការសិក្សានេះសុទ្ធតែទទួលបានអាហារូបករណ៍ ពីរដ្ឋាភិបាលចិន និងសកលវិទ្យាល័យហាប៊ីនទាំងអស់ តាមរយៈសមាគមអតីតនិស្សិតកម្ពុជា។
ជាមួយគ្នានោះដែរយុវជន ពិន ប្រាកដ និងយុវជន ទា ប៉េងស៊ាង ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ដែលបានគាំទ្រ និងផ្តល់ឱកាសដល់ពួកគេ ក៏ដូចជានិស្សិតខ្មែរគ្រប់រូបដែលសិក្សានៅប្រទេសចិន ជាពិសេសគឺនៅសកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីននេះតែម្តង។
តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTVនេះដែរ និស្សិតខ្មែរទាំងពីរូបក៏បានឲ្យដឹងផងដែរថា សកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ក៏បានប្រកាសបន្តផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរបន្តទៀតផងដែរ នូវលើមុខជំនាញជាច្រើន ជាពិសេសខាងបច្ចេកវិទ្យាអវកាស និងកុំព្យូទ័រ ជាដើមនោះ៕ អត្ថបទ៖ បាន ចក់
