នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានបង្កើនសម្ពាធជាសាធារណៈលើប្រទេសកាតា ដើម្បីនាំយកការដោះលែងចំណាប់ថ្នូរហ្កាហ្សា កាលពីថ្ងៃសៅរ៍ (២៧ មករា) ដោយនិយាយថា ប្រទេសឈូងសមុទ្រអារ៉ាប់មួយនេះគួរតែអនុវត្តឥទ្ធិពលដែលខ្លួនមានក្នុងនាមជាម្ចាស់ផ្ទះ និងជាអ្នកផ្តល់មូលនិធិដល់ក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលកំពុងកាន់កាប់ចំណាប់ថ្នូរ។

ការលើកឡើងខុសប្រក្រតីនេះបានកើតឡើងនៅមុនថ្ងៃនៃអ្វីដែលប្រភពសារព័ត៌មានរ៉យទ័រ បានពិពណ៌នាថា ជាកិច្ចប្រជុំក្នុងចំណោមនាយករដ្ឋមន្ត្រីកាតា និងប្រធានចារកម្មមកពីអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអេហ្ស៊ីប ដើម្បីពិភាក្សាអំពីលទ្ធភាពកិច្ចព្រមព្រៀងថ្មីមួយក្នុងការដោះលែងចំណាប់ថ្នូរ។
ប្រភពនោះបាននិយាយថា កិច្ចពិភាក្សាទាំងនោះត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅក្នុងទីតាំងដែលមិនបានបង្ហាញនៅក្នុងទ្វីបអឺរ៉ុប នៅថ្ងៃអាទិត្យ (២៨ មករា)។ ទោះជាយ៉ាងនេះក្តី ក្រុមមន្ត្រីមកពីប្រទេសទាំងបួន មិនបានបញ្ជាក់ពីកិច្ចប្រជុំជាផ្លូវការនោះទេ។

ប្រទេសកាតា និងអេហ្ស៊ីប មានបណ្តាញបើកចំហទៅកាន់អ៊ីស្រាអែល និងក្រុមហាម៉ាស ហើយបានសម្របសម្រួលបទឈប់បាញ់មួយកាលពីខែវិច្ឆិកា ដែលក្រុមហាម៉ាស បានដោះលែងចំណាប់ថ្នូរមួយចំនួនក្នុងចំណោមមនុស្ស ២៥៣នាក់ ដែលខ្លួនបានចាប់ខ្លួននៅក្នុងការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី០៧ ខែតុលា ដែលបង្កឱ្យមានសង្រ្គាមនៅហ្កាហ្សា៕
