បាល់ទាត់៖ ការប្រកួតបាល់ទាត់ពានរង្វាន់ជើងឯកអាមេរិកខាងត្បូង Copa America រកបាន ៨ក្រុមឡើងវគ្គ ១/៤ ផ្ដាច់ព្រ័ត្រហើយបន្ទាប់ពីពូល A បញ្ចប់ការប្រកួតព្រឹកមិញ។ ក្រុមជើងឯក ១៤សម័យអាហ្សង់ទីនបានយកឈ្នះប្រកួតចុងក្រោយលើបូលីវៀ ៤-១ ដោយគ្រាប់បាល់ ២គ្រាប់របស់ Lionel Messi។

Alejandro Gomez បើកការនាំមុខឱ្យអាហ្សង់ទីនតាំងពីនាទីទី៦ មុនពេលដែល Lionel Messi ស៊ុត ២គ្រាប់ផ្ទួនៗដោយបាល់ ១១ម៉ែត្រនាទីទី៣៣ និង ១គ្រាប់ទៀតនាទីទី៤២ ពីការបញ្ជូនរបស់ Sergio Aguero។ នេះជាការបង្ហាញខ្លួនលើកទី ១៤៨ប្រកួតឱ្យក្រុមជំរើសជាតិអាហ្សង់ទីនដែលចំនួននេះ Messi បានក្លាយជាកីឡាករដែលបង្ហាញខ្លួន ឱ្យក្រុមជំរើសជាតិអាហ្សង់ទីនច្រើនជាងគេបំបែកកំណត់ត្រារបស់ Javier Mascherano ១៤៧ប្រកួត។ ចូលវគ្គទី២ បូលីវៀដែលហាលអាវទៅហើយនោះក៏តបបាន ១គ្រាប់វិញដោយ Erwin Saavedra តែខ្សែប្រយុទ្ធ Inter Milan, Lautaro Martinez បន្ថែមគ្រាប់ចុងក្រោយនៅនាទីទី៦៥។
ចំណែកមួយប្រកួតទៀតព្រឹកមិញដែរអ៊ុយរូហ្កាយយកឈ្នះប៉ារ៉ាហ្កាយ ១-០ ដោយគ្រាប់បាល់ ១១ម៉ែត្ររបស់ Edinson Cavani។ ជ័យជំនះនេះធ្វើឱ្យអ៊ុយរូហ្កាយឡើងមកលេខ២ ក្នុងពូល A បន្តទៅជួបជាមួយក្រុមលេខ៣ ក្នុងពូល B គឺកូឡុំប៊ី ខណៈអាហ្សង់ទីនក្រុមលេខ១ ក្នុងពូល A នោះឡើងជួបក្រុមលេខ៤ ក្នុងពូល B អេក្វាដ័រ។ រីឯប្រេស៊ីលត្រូវជួបស៊ីលី ខណៈប៉េរូជួបប៉ារ៉ាហ្កាយ៕
អត្ថបទ៖នាង សុភាវុធ