អ៊ីស្រាអែល បានបន្តវាយសម្រុកទៅមុខកាលពីថ្ងៃសៅរ៍ (២៧ មករា) ជាមួយនឹងយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស នៅក្នុងទីក្រុង ខាន់ យ៉ូនីស (Khan Younis) នៃតំបន់ហ្កាហ្សា ខណៈដែលអាកាសធាតុអាក្រក់បានវាយប្រហារជនភៀសខ្លួនប៉ាឡេស្ទីន ដែលកំពុងស្វែងរកការជ្រកកោននៅភាគខាងជើង និងបង្កការលំបាកបន្ថែមទៀតនៅក្នុងតំបន់ហ៊ុមព័ទ្ធដែលរងការខូចខាតធ្ងន់ធ្ងរមួយនេះ។

អ្នកស្រុកបានរាយការណ៍ថាមានការបាញ់ពីលើអាកាស និងពីរថក្រោះយ៉ាងខ្លាំងក្លានៅទូទាំងក្រុង ខាន់ យ៉ូនីស ដែលជាផ្នែកមួយនៃភាគខាងត្បូងតំបន់ហ្កាហ្សា ដែលបានក្លាយជាការផ្តោតសំខាន់នៃការវាយលុកថ្មើរជើងរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស និងនៅជុំវិញមន្ទីរពេទ្យសំខាន់ចំនួនពីរកន្លែងនៅទីនោះ។
ក្រុមហាម៉ាសបាននិយាយថា យុទ្ធជនរបស់ខ្លួនបានបាញ់មីស៊ីលប្រឆាំងរថក្រោះ ទៅកាន់រថក្រោះអ៊ីស្រាអែល នៅភាគនិរតីក្រុង ខាន់ យ៉ូនីស ខណៈយោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានសម្លាប់ខ្មាន់កាំភ្លើងយ៉ាងតិច ១១នាក់ ដែលកំពុងព្យាយាមដាក់គ្រឿងផ្ទុះនៅជិតកងទ័ព និងខ្លះទៀតបានបាញ់កាំភ្លើង និងគ្រាប់បែកដៃ ទៅលើទាហានរបស់ខ្លួន។

អ្នកនាំពាក្យក្រសួងសុខាភិបាលហ្កាហ្សា លោក អាស្រាហ្វ អាល់គីដ្រា (Ashraf Al-Qidra) បាននិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល កំពុងធ្វើឱ្យខូចដល់ប្រព័ន្ធថែទាំសុខភាព និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់វេជ្ជបណ្ឌិត អ្នកជំងឺ និងជនភៀសខ្លួនហ្កាហ្សារាប់ម៉ឺននាក់៕
