លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានដឹកនាំក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ សន្លាក់ ភ្នែក បេះដូង សួត ជូនដល់ប្រជាពលរដ្ឋ ចំនួន ៣៥១២នាក់ ស្មើនិង ៥៣៨៤ករណី រស់នៅក្នុងស្រុកជុំគិរី ខេត្តកំពត ស្ថិតនៅក្នុងបរិវេណអនុវិទ្យាល័យខ្ជាយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារកម្លាំងស្ម័គ្រចិត្តនៃសមាគម TYDA និងអាជ្ញាធរ យុវជន និងផ្នែកដែលពាក់ព័ន្ធផ្សេងទៀត។

មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ លោកជំទាវបណ្ឌិតបានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី លោកតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខភាព របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសស្ថានភាពប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រ តាមរយៈការបង្ខិតសេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងបានគិតគូរពីសុខទុក្ខ រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ។
ជាក់ស្ដែង សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានចុះព្យាបាលបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត សហគមន៍ អង្គការ មជ្ឈមណ្ឌលកុមារកំព្រា និងសាលារៀនជាដើម។

ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាព បានអោយដឹងថា ពួកគាត់សប្បាយរីករាយណាស់ ដែលលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដឹកនាំក្រុមគ្រូពេទ្យជំនាញៗចុះមកព្យាបាលសុខភាពពួកគាត់ស្ទើរតែដល់ខ្នងផ្ទះ និងមិនអស់ថ្លៃទៀតផង។

លោកជំទាវបណ្ឌិតបញ្ជាក់ថា នេះជាសកម្មភាពមនុស្សធម៌ ក្នុងការចុះពិនិត្យព្យាបាលដល់ប្រជាពលរដ្ឋ ដោយបេះដូង ដោយទឹកចិត្ត និងស្នាមញញឹមរបស់ក្រុមគ្រូពេទ្យ កម្លាំងស្ម័គ្រចិត្ត និងក្រុមការងារ ដោយសកម្មភាពនេះបានបង្កើតឡើងជាង១០ឆ្នាំមកហើយ។
សូមបញ្ជាក់តាមរបាយការណ៍បានឱ្យដឹងថា ក្រុមការងារគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគម TYDA បានព្យាបាលអ្នកជំងឺបានចំនួន៣៥១២នាក់ ក្នុងនោះករណីបញ្ជូនមកព្យាបាលបន្តនៅភ្នំពេញ មានចំនួន៥៣ករណី ដែលការចំណាយទាំងអស់ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចបវរធិបតី ហ៊ុនម៉ានណែត និងលោកជំទាវ៕ អត្ថបទ៖ សំ ងីម



















