យោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន AP កាលពីថ្ងៃអាទិត្យ មនុស្សយ៉ាងហោចណាស់ ៥២ នាក់ រួមទាំងកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិម្នាក់បានស្លាប់ និង៦៤នាក់ផ្សេងទៀតបានរងរបួសនៅក្នុងតំបន់រដ្ឋបាល អាប៊ីយ៉េ (Abyei) កាលពីថ្ងៃសៅរ៍ អំឡុងពេលមានការប៉ះទង្គិចគ្នារវាងយុវជនប្រដាប់អាវុធនៃសហគមន៍ ធ្វីក(Twic) នៃរដ្ឋវ៉ារ៉ាប( Warrap) ជិតខាង តំបន់ណកឌីនកា (Ngok Dinka)របស់តំបន់អាប៊ីយ៉េ(Abyei)។

តំបន់រដ្ឋបាល Abyei នៅតែជាតំបន់ជម្លោះរវាងប្រទេសស៊ូដង់ខាងត្បូង និងប្រទេសជិតខាងស៊ូដង់ ដែលបានជាប់គាំងនៅក្នុងជម្លោះចាប់តាំងពីថ្ងៃទី ១៥ ខែមេសាមក។

លោក ប៊ូលីស កូច (Bulis Koch) រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រចាំតំបន់ Abyei បានប្រាប់សារព័ត៌មាន AP ថា មូលហេតុនាំឲ្យមានការវាយប្រហារកាលពីថ្ងៃសៅរ៍មិនច្បាស់ភ្លាមៗទេ ប៉ុន្តែត្រូវបានគេសង្ស័យថាពាក់ព័ន្ធនឹងជម្លោះដីធ្លី។

សហគមន៍ទាំងពីរបានប្រកួតប្រជែងគ្នាអស់ជាច្រើនឆ្នាំដើម្បីកាន់កាប់ដីមួយកន្លែងនៅតំបន់ព្រំដែនអាណីត (Aneet border area) ដែលខណ្ឌចែកសហគមន៍ទាំងពីរ។
កងកម្លាំងសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ សម្រាប់តំបន់ Abyei បានថ្កោលទោសការវាយប្រហារដោយប្រដាប់អាវុធជាបន្តបន្ទាប់ ដែលបានកើតឡើងកាលពីថ្ងៃសៅរ៍នៅក្នុងតំបន់រដ្ឋបាល Abyei ដែលបានបណ្ដាលឲ្យកងកម្លាំងរក្សាសន្តិសុខអង្គការសហប្រជាជាតិមកពីប្រទេសហ្គាណាម្នាក់បានស្លាប់៕