អាមេរិក៖ មានការសួរដេញដោលកាន់តែច្រើនឡើងកាលពីថ្ងៃចន្ទថា តើអគារលំនៅឋានមួយនៅតំបន់ Miami អាចដួលរលំយ៉ាងឆាប់រហ័ស និងធ្ងន់ធ្ងរកាលពីសប្ដាហ៍មុនដោយរបៀបណា ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ ១១នាក់ និងជាង ១៥០នាក់នៅតែបាត់ខ្លួន ហើយក្រុមគ្រួសារដែលអស់សង្ឃឹមបារម្ភថា រឿងអាក្រក់បំផុតនឹងកើតឡើង។

ក្រុមអ្នកសង្គ្រោះនៅតែមានក្ដីសង្ឃឹមថា ពួកគេនឹងរកឃើញអ្នកនៅរស់រានមានជីវិត ខណៈការជីកកាយតាមគំនរថ្មតាមផ្នែកនៃអគារខុនដូ ដែលបាក់រលំនៅខាងក្រៅទីក្រុង Miami បានឈានចូលដល់ថ្ងៃទី៥។ ក្រុមអ្នកជំនាញកំពុងពិនិត្យមើលគុណវិបត្តិធំៗ ដែលអាចកើតមាន នៅក្នុងរចនាសម្ព័ន្ធអគារប៉មនៅទីក្រុង Surfside ជិតឆ្នេរ Miami ដែលបានក្លាយជាគំនរបាក់បែកកាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍។
ក្រុមជួយសង្គ្រោះមកពីរដ្ឋ Florida និងនៅបរទេសបានបន្តកាយកម្ទេចកំទី តាមរកជាសញ្ញារបស់អ្នកនៅរស់រានមានជីវិតក្រោមកំដៅថ្ងៃ និងសន្សើមធ្លាក់ខ្លាំង ខណៈដែលក្រុមសង្គ្រោះបានព្យាយាមស្វែងរករយៈពេលជាច្រើនម៉ោង ក្ដីសង្ឃឹមក៏កាន់តែអស់ទៅ៕
អត្ថបទ៖ សុខមាន