គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសកំណត់យកថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឲ្យបណ្តាគណបក្សនយោបាយនានា ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ធ្វើយុទ្ធនាការហែក្បួនឃោសនាបោះឆ្នោតរបស់ខ្លួន។
យោងតាមសេចក្តីណែនាំ របស់គ.ជ.ប ស្តីពីការហែក្បួនឃោសនាបោះឆ្នោតរបស់គណបក្សនយោ បាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ បានលើកឡើងថា អនុលោមតាមច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់នេះ (ច.ប.ព.ស) ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ ស្តីពីវិសោធនកម្ម នៃ ច្បាប់នេះ(ច.ប.ត.រ) និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា(ប.ន.ព.ស) ក្នុងគោលបំណងឲ្យដំណើរការនៃការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រព្រឹត្តទៅបានត្រឹមត្រូវ ធានាបាននូវសន្តិ សុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ បញ្ជៀសការកកស្ទះចរាចរណ៍តាមដងផ្លូវ ទីប្រជុំជន និងទីសាធារណៈ គោរពតាមវិធានការនៃបទប្បញ្ញាត្តិ និងគោលការណ៍ណែនាំដូចមានចែងខាងលើនេះ និងក្រមសីលធម៌ សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្ស ក្នុងដំណើរការបោះឆ្នោត គ.ជ.បក៏បានធ្វើការណែនាំដល់គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមានសមត្ថកិច្ចនិងគណបក្ស នយោបាយ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត អំពីការហែក្បួនឃោសនាបោះឆ្នោតក្នុងអំឡុងពេលឃោសនាបោះឆ្នោតផងដែរ។
ការកំណត់ទម្រង់ និងទំហំនៃការហែក្បួនឃោសនាបោះឆ្នោត ត្រូវបានគ.ជ.ប លើកឡើងថា ការ ហែក្បួនឃោសនាបោះឆ្នោតសំដៅដល់ការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយ យានជំនិះគ្រប់ប្រភេទ ដែលរៀបចំឡើងដោយគណបក្សនយោបាយ ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោតក្នុងមណ្ឌលភូមិភាគរបស់ខ្លួនហើយការហែក្បួនព្យុហយាត្រានេះ ក៏បានកំណត់ទម្រង់ និងទំហំរួមទាំងឲ្យមានការបិទបដា សរសេរពាក្យស្លោកតាមរថយន្ត និងយានជំនិះគ្រប់ប្រភេទជាដើមផងដែរ។
យ៉ាងណាក៏ដោយ គ.ជ.ប បានបញ្ជាក់ថា ក្នុងអំឡុងពេលឃោសនា ត្រូវអនុញ្ញាត ឲ្យធ្វើយ៉ាងច្រើនពីរដង នៅមណ្ឌលភូមិភាគដែលគណបក្សខ្លួនបានចុះបញ្ជីជាបេក្ខភាពតែប៉ុណ្ណោះ ហើយមួយវិញទៀត គ្រប់គណបក្សត្រូវតែជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ គធ.ខប ពាក់ព័ន្ធយ៉ាងតិចឲ្យបានបីថ្ងៃមុនថ្ងៃ ហែក្បួន បើទោះបីជារាជធានី-ខេត្តដែលត្រូវហែក្បួនឆ្លងកាត់នោះគណបក្សខ្លួនមិនបានចុះបញ្ជីជាបេក្ខជនក៏ដោយ។
តាមរយៈសេចក្តីណែនាំនេះដែរ គ.ជ.ប ក៏បានប្រាប់ដល់គណបក្សនយោបាយទាំងអស់ ត្រូវយក ចិត្តទុកដាក់គោរព និងរក្សាឲ្យបាននូវសណ្តាប់ធ្នាប់ល្អតាមដងផ្លូវ ទីប្រជុំជន ទីសាធារណៈ និងត្រូវយកចិត្ត ទុកដាក់គោរពតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ព្រមទាំងវិធានការសុខាភិបាល ដើម្បីបង្ការការឆ្លងរាល ដាលនៃជំងឺកូវីដ១៩ផងដែរ។
សូមជម្រាបជូនថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្តនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានគណបក្សនយោបាយចំនួនបួនបានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមានគណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច៕ អត្ថបទ៖ បាន ចក់
