សេតវិមានបាននិយាយកាលពីថ្ងៃអាទិត្យ (២៨ មករា) ថាមិនមានការផ្លាស់ប្តូរនៅក្នុងគោលនយោបាយអ៊ីស្រាអែលរបស់ខ្លួននោះទេ បន្ទាប់ពីសារព័ត៌មាន NBC បានរាយការណ៍ថាសហរដ្ឋអាមេរិក កំពុងពិភាក្សាអំពីការប្រើប្រាស់ការលក់សព្វាវុធទៅឱ្យអ៊ីស្រាអែល ជាឥទ្ធិពលដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាលអ៊ីស្រាអែលឱ្យកាត់បន្ថយការវាយលុកយោធារបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា។

អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានបាននិយាយថា «អ៊ីស្រាអែលមានសិទ្ធិ និងកាតព្វកិច្ចដើម្បីការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងរបស់ក្រុមហាម៉ាស ខណៈពេលដែលគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ និងការពារជីវិតជនស៊ីវិល។ យើងបានធ្វើបែបនេះតាំងពីថ្ងៃទី០៧ ខែតុលា មកហើយនឹងបន្តទៅទៀត ដោយមិនមានការផ្លាស់ប្តូរគោលនយោបាយរបស់យើងចំពោះអ៊ីស្រាអែលទេ»។

សារព័ត៌មាន NBC បានរាយការណ៍កាលពីថ្ងៃអាទិត្យ ថាតាមទិសដៅរបស់សេតវិមានបានឲ្យដឹងថា មន្ទីរបញ្ចកោណបាននឹងកំពុងពិនិត្យមើលឡើងវិញនូវការលក់សព្វាវុធដែលអ៊ីស្រាអែលបានស្នើសុំ ហើយអាចប្រើការលក់អាវុធនោះជាឥទ្ធិពលជំរុញអ៊ីស្រាអែលឲ្យកាត់បន្ថយប្រតិបត្តិការយោធារបស់ខ្លួន។

របាយការណ៍បានបន្ថែមថា សហរដ្ឋអាមេរិកកំពុងពិចារណាលើការបន្ថយ ឬផ្អាកការដឹកជញ្ជូន ដោយសង្ឃឹមថា ការធ្វើដូច្នេះនឹងធ្វើឱ្យអ៊ីស្រាអែលចាត់វិធានការ ដូចជាការបើកច្រករបៀងមនុស្សធម៌ ដើម្បីផ្តល់ជំនួយបន្ថែមដល់ជនស៊ីវិលប៉ាឡេស្ទីនជាដើម៕