ទីភ្នាក់ងារទិញសព្វាវុធរបស់រដ្ឋ បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូងមានបំណងអភិវឌ្ឍន៍ នយានដ្រូឈ្លបយកការណ៍ដែលអាចដាក់ពង្រាយពីនាវាចម្បាំង នៅឆ្នាំ២០២៨ ចំពេលមានកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនការឃ្លាំមើលប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង។

កាលពីខែមុន រដ្ឋបាលកម្មវិធីទិញសម្ភារៈការពារ (DAPA) បានចុះហត្ថលេខាលើកិច្ចសន្យាដែលមានតម្លៃ ១៤៣,៣ ពាន់លានវ៉ុន (១០៧,១លានដុល្លារអាមេរិក) ជាមួយក្រុមហ៊ុនការពារជាតិ Hanwha Systems ដើម្បីអភិវឌ្ឍន៍យន្តហោះមានស្លាបវិល នៅខែធ្នូ ឆ្នាំ ២០២៨។
DAPA បាននិយាយថា យន្តហោះនេះ ត្រូវបានផលិត ដើម្បីដាក់ពង្រាយពីនាវាចម្បាំង ក៏ដូចជាអង្គភាពកងម៉ារីន នៅលើកោះភាគពាយ័ព្យ ក្បែរព្រំដែនជាមួយកូរ៉េខាងជើង ដើម្បីបំពេញបេសកកម្មឃ្លាំមើល និងឈ្លបយកការណ៍។

យោងតាម DAPA បានឲ្យដឹងថា យានដ្រូនមានស្លាបវិល នឹងក្លាយជាប្រភេទដំបូងគេ នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយនឹងត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញាអេឡិចត្រូនិច និងប្រព័ន្ធរ៉ាដា។
ទីភ្នាក់ងារនេះ បាននិយាយថា ខ្លួនរំពឹងថា យន្តហោះនេះ នឹងពង្រីកការឈ្លបយកការណ៍តំបន់ព្រំដែន និងកំណត់សញ្ញានៃការបង្កហេតុរបស់សត្រូវ និងប្រទេសជិតខាងជាមុន។
កាលពីដើមខែនេះ កូរ៉េខាងជើង បានបាញ់ផ្លោងកាំភ្លើងធំរាប់រយគ្រាប់ នៅជិតខ្សែបន្ទាត់ព្រំដែនភាគខាងជើង ដែលជាព្រំដែនសមុទ្រពិតប្រាកដ សម្រាប់រយៈពេលបីថ្ងៃ នេះបើយោងតាមយោធាកូរ៉េខាងត្បូង។