អេត្យូពី៖ រដ្ឋាភិបាលអេត្យូពីបានប្រកាសបទឈប់បាញ់ ជាឯកតោភាគីនៅតំបន់ Tigray ភាគខាងជើងរបស់ខ្លួន បន្ទាប់ពីមានជម្លោះដ៏ក្ដៅគគុកជិត ៨ខែដែលអង្គការសហប្រជាជាតិបាននិយាយថា បានរុញដោលប្រជាជនចំនួន ៣៥០.០០០នាក់ធ្លាក់ក្នុងគ្រោះទុរ្ភិក្ស ខណៈក្រុមឧទ្ទាមបានចូលទៅក្នុងរដ្ឋធានី Mekelle។

រណសិរ្សរំដោះប្រជាប្រជាជន Tigray (TPLF) ដែលជាអតីតគណបក្សគ្រប់គ្រងក្នុងតំបន់ បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានគ្រប់គ្រងរដ្ឋធានី Mekelle ឡើងវិញ ហើយអ្នកស្រុកបានរាយការណ៍ថា បានឃើញកងទ័ពនៅក្នុងឯកសណ្ឋានតំបន់ Tigray នៅក្នុងទីក្រុងជាលើកដំបូងចាប់តាំងពីខែវិច្ឆិកា។ អ្នកនាំពាក្យរបស់រណសិរ្សរំដោះប្រជាប្រជាជន Tigray លោក Getachew Reda បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា រដ្ឋធានី Mekelle របស់តំបន់ Tigray គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើង។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់ Al Jazeera លោក Malcolm Webb និយាយពីទីក្រុង Nairobi ប្រទេសកេនយ៉ាបាននិយាយថា មានសេចក្ដីរាយការណ៍ពីប្រជាជនដែលកំពុងអបអរនៅតាមដងផ្លូវ ... ហើយអ្នកស្រុកបានបាញ់កាំជ្រួចភ្ញី។
សេចក្ដីថ្លែងការណ៍ស្តីពីបទឈប់បាញ់ "ជាឯកតោភាគី" កាលពីថ្ងៃចន្ទដែលបានផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានកើតឡើងភ្លាមៗ បន្ទាប់ពីរដ្ឋបាលបណ្ដោះអាសន្នតំបន់ Tigray ដែលត្រូវបានតែងតាំងដោយរដ្ឋាភិបាលសហព័ន្ធ ក្រោយយកឈ្នះកងកម្លាំងរណសិរ្សរំដោះប្រជាប្រជាជន Tigray បានភៀសខ្លួនពីរដ្ឋធានី Mekelle និងបានអំពាវនាវឱ្យមានបទឈប់បាញ់មួយលើមូលដ្ឋានមនុស្សធម៌ ដូច្នេះជំនួយដែលត្រូវការជាចាំបាច់អាចត្រូវបានផ្តល់ជូន៕
អត្ថបទ៖ សុខមាន