លោក Donald Trump បាននិយាយថា លោក Joe Biden បានទុកឲ្យពិភពលោកប្រឈមមាត់ជ្រោះនៃសង្គ្រាមលោកលើកទី ៣ បន្ទាប់ពីការវាយប្រហារដោយយានដ្រូនលើមូលដ្ឋានទ័ពនៅប្រទេសហ្ស៊កដានី បានសម្លាប់ទាហានអាមេរិកបីនាក់។

អតីតប្រធានាធិបតីរូបនេះបាននិយាយទាំងកំហឹងលើអ្នកស្នងតំណែងរបស់លោក បន្ទាប់ពីឧបទ្ទវហេតុកាលពីថ្ងៃអាទិត្យ ដែលសេតវិមានបានស្តីបន្ទោសលើក្រុមសកម្មប្រយុទ្ធ គាំទ្រដោយអ៊ីរ៉ង់ ដែលប្រតិបត្តិការនៅមជ្ឈិមបូព៌ា។
លោក Trump បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារដ៏សាហាវនេះទៅលើសហរដ្ឋអាមេរិកគឺជាផលវិបាកដ៏គួរឱ្យរន្ធត់មួយ និងជាសោកនាដកម្មមួយផ្សេងទៀតនៃភាពទន់ខ្សោយ និងការចុះចាញ់របស់ លោកJoe Biden ។
លោកបានបន្ថែមថា កាលពីបីឆ្នាំមុន អ៊ីរ៉ង់ខ្សោយ បែកបាក់ និងស្ថិតក្រោមការគ្រប់គ្រងទាំងស្រុង ដោយសារតែគោលនយោបាយសម្ពាធអតិបរមារបស់លោក របបអ៊ីរ៉ង់អាចចំណាយប្រាក់ដើម្បីផ្តល់មូលនិធិដល់ភ្នាក់ងារភេរវករតំណាងរបស់ពួកគេ។

បេក្ខជនឈានមុខរបស់គណបក្សសាធារណរដ្ឋរូបនេះ បានចោទប្រកាន់លោក Biden ថាបានផ្តល់ប្រាក់រាប់ពាន់លានដុល្លារឲ្យទៅអ៊ីរ៉ង់ ដែលលោកបាននិយាយថាត្រូវបានប្រើប្រាស់ដោយទីក្រុងតេអេរ៉ង់ដើម្បី ពង្រីកការបង្ហូរឈាមនិងការសម្លាប់រង្គាលនៅទូទាំងមជ្ឈឹមបូព៌ា។
លោកបាននិយាយថា ការវាយប្រហារបែបនេះនឹងមិនកើតឡើងឡើយ ប្រសិនបើលោកជាប្រធានាធិបតី សូម្បីតែការវាយប្រហាររបស់ពួកហាម៉ាសដែលគាំទ្រដោយអ៊ីរ៉ង់ទៅលើអ៊ីស្រាអែល ក៏នឹងមិនកើតឡើង ហើយសង្គ្រាមនៅអ៊ុយក្រែន ក៏នឹងមិនកើតឡើងដែរ ម្ល៉េះឥឡូវនេះយើងនឹងមានសន្តិភាពពេញពិភពលោកមិនខាន៕