ក្រុមអ្នកតវ៉ាអ៊ីស្រាអែល រួមទាំងក្រុមសាច់សញ្ញាតិមួយចំនួនរបស់ចំណាប់ថ្នូរ ដែលត្រូវបានឃុំខ្លួន នៅក្នុងតំបន់ហ្កាហ្សា បានចេញតវ៉ានៅខាងក្នុងទឹកដីអ៊ីស្រាអែល នៃច្រកឆ្លងព្រំដែន កេរឹមសាឡុំ (Kerem Shalom) កាលពីថ្ងៃអាទិត្យ ទី២៨ខែមករា ក្នុងបំណងបិទច្រកឆ្លងកាត់មិនឲ្យរថយន្តរដឹកជំនួយចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

មនុស្សមួយក្រុមបានទាមទារឲ្យបញ្ឈប់ការដឹកជញ្ជូនជំនួយចូលក្នុងតំបន់ហ្កាហ្កា ដោយនិយាយថា ការធ្វើបែបនេះ នឹងក្លាយជាមធ្យោបាយតែមួយគត់ក្នុងការបញ្ចប់ជំនួយដល់ក្រុមហាម៉ាស ដែលជាក្រុមអ៊ីស្លាមជ្រុលនិយមកំពុងគ្រប់គ្រងតំបន់នេះ រហូតទាល់តែចំណាប់ថ្នូរជាង១៣០នាក់ដែលកំពុងត្រូវបានឃុំខ្លួន ត្រូវបានដោះលែង។

មិនយូរប៉ុន្មាន បន្ទាប់ពីការតវ៉ាបានចាប់ផ្ដើម កងទ័ពអ៊ីស្រាអែល បានបំបែកហ្វូងមនុស្ស និងបានប្រកាសបិទតំបន់នោះជាតំបន់យោធា។
ការបញ្ជូនជំនួយមានចំនួនកំណត់ ត្រូវបានដឹកជញ្ជូនកាត់តាមច្រកព្រំដែនរ៉ាហ្វា(Rafah)ឆ្លងកាត់រវាងប្រទេសអេហ្ស៊ីប និងតំបន់ហ្កាហ្សា ហើយ ចាប់តាំងពីខែធ្នូរ មក ជំនួយបានឆ្លងកាត់ច្រកព្រំដែនកេរឹមសាឡុំ (Kerem Shalom) គ្រប់គ្រងដោយអ៊ីស្រាអែល៕