អគ្គលេខាធិការអង្គការណាតូ លោក ជេន ស្តូលថិនប៊ឺក ( Jens Stoltenberg) កាលពីថ្ងៃអាទិត្យ បានលើកទឹកចិត្តសមាជិកសភាអាមេរិកឲ្យបន្តផ្តល់មូលនិធិដល់អ៊ុយក្រែន ក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ដោយព្រមានថា ទីក្រុងប៉េកាំង និងមហាអំណាចផ្តាច់ការផ្សេងទៀត នឹងត្រូវបានពង្រឹង ប្រសិនបើប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ទទួលជោគជ័យ។

លោកស្តូលថិនប៊ឺក បានបង្ហាញខ្លួននៅលើកម្មវិធី «Fox News Sunday»របស់សារព័ត៌មាន Fox News ហើយបានព្រមានថា ទីក្រុងប៉េកាំង កំពុងឃ្លាំមើលយ៉ាងជិតស្និទ្ធនូវការឆ្លើយតបរបស់សម្ព័ន្ធមិត្តចំពោះការលុកលុយរបស់ពូទីនលើអ៊ុយក្រែន។

លោកបាននិយាយថា៖«អ្វីដែលសំខាន់នោះ គឺថា អ៊ុយក្រែនទទួលបានការគាំទ្រជាបន្ត ពីព្រោះយើងត្រូវដឹងថា នេះត្រូវបានឃ្លាំមើលយ៉ាងជិតស្និទ្ធ នៅក្នុងទីក្រុងប៉េកាំង»។
លោកបានអះអាងថា សហរដ្ឋអាមេរិក អឺរ៉ុប និងផ្នែកផ្សេងទៀតនៃពិភពលោក នឹងកាន់តែងាយរងគ្រោះ ប្រសិនបើលោកពូទីន«ទទួលបានអ្វីដែលលលោកចង់បាននៅអ៊ុយក្រែន"។
ប្រធានអង្គការណាតូ បាននិយាយថា៖«វាសំខាន់ណាស់ដែលពូទីនមិនទទួលបានផ្លូវរបស់ខ្លួននៅអ៊ុយក្រែន»។ នោះនឹងពង្រឹងអំណាចផ្តាច់ការផ្សេងទៀត។ ថ្ងៃនេះ គឺអ៊ុយក្រែន ថ្ងៃស្អែក វាអាចជាតៃវ៉ាន់ក៏ថាបាន។