ក្រសួងសុខាភិបាលហ្កាហ្សាបានព្រមានកាលពីថ្ងៃអាទិត្យ (២៨ មករា) ថាអគារវេជ្ជសាស្ត្រជាច្រើនប្រឈមនឹងការដួលរលំនៅទីក្រុង ខាន់ យ៉ូនីស (Khan Younis) ភាគខាងត្បូងហ្កាហ្សា ដែលឥឡូវនេះជាចំណុចផ្តោតសំខាន់នៃការវាយលុករបស់អ៊ីស្រាអែល ខណៈដែលការប្រយុទ្ធគ្នាបានរីករាលដាលពាសពេញតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនមួយនេះ ហើយប្រជាជនប៉ាឡេស្ទីនកាន់តែច្រើនបានបន្តផ្លាស់ទីលំនៅ និងរត់ភៀសខ្លួន។

អ្នកស្រុកបាននិយាយថា យន្តហោះ និងរថក្រោះរបស់អ៊ីស្រាអែល ក៏បានវាយលុកតំបន់នានាក្នុងទីក្រុងហ្កាហ្សា នៅភាគខាងជើង ជាទីដែលអ៊ីស្រាអែល បាននិងកំពុងដកទ័ពចេញ។ ការវាយប្រយុទ្ធគ្នាអាចត្រូវបានឮនៅក្នុងក្រុង បេត ឡាហ៊ីយ៉ា (Beit Lahiya) និងក្រុង ចាបាលីយ៉ា (Jabalia) ដែលនៅក្បែរនោះ។

នៅទីក្រុងភាគខាងលិច ហ្កាហ្សា អ្នកស្រុកបាននិយាយថា ទូកកងទ័ពជើងទឹកអ៊ីស្រាអែល បានបើកការបាញ់ប្រហារទៅលើតំបន់មាត់សមុទ្រ ប៉ុន្តែមិនមានអ្នករងរបួសទេ។ នៅតំបន់ផ្សេងទៀតនៃតំបន់ហ៊ុមព័ទ្ធនេះ អ្នកស្រុកបានរាយការណ៍ថាមានការប្រយុទ្ធគ្នាកាន់តែខ្លាំង ស្របពេលមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលយ៉ាងខ្លាំងក្លា។
អ៊ីស្រាអែល បានធ្វើសង្រ្គាមមួយ ដែលខ្លួននិយាយថាមានគោលបំណងកម្ចាត់ក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារឆ្លងកាត់ព្រំដែនមិនធ្លាប់មានរបស់ក្រុមសកម្មប្រយុទ្ធ ដែលក្នុងនោះមនុស្ស ១.២០០នាក់ ត្រូវបានសម្លាប់ និងមនុស្ស ២៥៣នាក់ត្រូវបានចាប់ខ្លួន៕