ប្រភពការទូតបាននិយាយកាលពីថ្ងៃអាទិត្យ (២៨ មករា) ថាមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាម្នាក់បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន-ASEAN) នៅប្រទេសឡាវ ក្នុងនាមជាអ្នកតំណាងមិននយោបាយ។

ការចូលរួមរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសនៅក្នុងកិច្ចប្រជុំនៅទីក្រុងហ្លួង ប្រាបាង (Luang Prabang) ដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ នេះកើតឡើងនៅមុនខួបលើកទីបីនៃរដ្ឋប្រហារយោធា ដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់សហភាពមីយ៉ាន់ម៉ា របស់មេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។

សហភាពមីយ៉ាន់ម៉ាបានធ្វើពហិការមិនចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ចាប់តាំងពីសមាជិកអាស៊ានបានសម្រេចចិត្តក្នុងខែតុលា ឆ្នាំ២០២១ ក្នុងការអនុញ្ញាតឱ្យមានតែតំណាងមិននយោបាយមកពីប្រទេសនេះដើម្បីចូលរួមប៉ុណ្ណោះ។

ប្រទេសឡាវ ដែលជាប្រធានអាស៊ាននៅឆ្នាំនេះ មានឆន្ទៈចូលរួមជាមួយរបបយោធាមីយ៉ាន់ម៉ា។ ដំបូងឡើយ របបយោធាស្នើឲ្យមានមន្ត្រីជាន់ខ្ពស់ ដូចជារដ្ឋមន្ត្រីការបរទេសរបស់ខ្លួន ដើម្បីចូលរួមកិច្ចប្រជុំ ប៉ុន្តែផែនការនេះត្រូវបានសមាជិកអាស៊ានបដិសេធ៕