អង្គភាពសេវាសន្តិសុខរបស់ប្រទេសអ៊ុយក្រែន បាននិយាយថា អង្គភាពបានរកឃើញគម្រោងអំពើពុករលួយមានតម្លៃ៤០លានដុល្លារ ដែលបានលួចយកប្រាក់បម្រុងទុកសម្រាប់ទិញអាវុធ ដែលត្រូវការខ្លាំងនៅក្នុងពេលមានការឈ្លានពានរបស់រុស្ស៊ី។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ SBU បាននិយាយថា ការស៊ើបអង្កេតបានបង្ហាញអតីតមន្ត្រីជាន់ខ្ពស់ និងបច្ចុប្បន្ន នៅក្រសួងការពារជាតិ និងអ្នកគ្រប់គ្រងក្រុមហ៊ុនផ្គត់ផ្គង់អាវុធ។ ទីភ្នាក់ងារ និយាយថាការកេងបន្លំយកប្រាក់ ពាក់ព័ន្ធទៅនឹងកិច្ចសន្យាទិញគ្រាប់កាំភ្លើងត្បាល់ចំនួន ១០០.០០០គ្រាប់ ជាមួយក្រុមហ៊ុនផលិតអាវុធ នៅឃ្លាំងអាវុធទីក្រុងល្វីវ(Lviv) កាលពីខែសីហាឆ្នាំ ២០២២ ត្រឹមតែរយៈពេល៦ខែ នៅក្នុងសង្រ្គាម។ ការទូទាត់ត្រូវបានធ្វើឡើងជាមុន ដោយមូលនិធិមួយចំនួនត្រូវបានផ្ទេរទៅក្រៅប្រទេស។ ប៉ុន្តែ គ្មានអាវុធណាត្រូវបានគេផ្តល់ឲ្យឡើយ។

សេចក្តីថ្លែងការណ៍បាននិយាយថា បុគ្គលចំនួន៥រូប ជាប់ពាក់ព័ន្ធក្នុងការជូនដំណឹងអំពីការសង្ស័យ ជាដំណាក់កាលដំបូងនៅក្នុងដំណើរការផ្លូវច្បាប់របស់អ៊ុយក្រែន។ សេចក្តីថ្លែងការណ៍ និយាយថា ជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួនខណៈកំពុងព្យាយាមឆ្លងកាត់ព្រំដែនអ៊ុយក្រែន។
សេចក្តីប្រកាសនេះបានធ្វើឡើងកាលពីថ្ងៃសៅរ៍ ហើយនឹងមានសារៈសំខាន់ខ្លាំង នៅក្នុងប្រទេសមួយដែលកំពុងដោះស្រាយភាពហត់នឿយបន្ទាប់ពីការវាយលុករបស់រុស្ស៊ី កាលពី២ឆ្នាំមុន។ សេចក្តីប្រកាសនិយាយបានផងដែរ អំពីអំពើពុករលួយដែលជាបញ្ហាចម្បង ខណៈអ៊ុយក្រែន ដាក់សម្ពាធបំណងរបស់ខ្លួនក្នុងការចូលរួមជាសមាជិកសហភាពអឺរ៉ុប និងក្នុងពេលមានការជំរុញឱ្យមានការផ្តល់មូលនិធិនិងឧបករណ៍ថ្មីៗពីទីក្រុងវ៉ាស៊ីនតោន។
អំពើពុករលួយក្នុងជួរយោធា គឺជាបញ្ហាដ៏រសើបជាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន ហើយរដ្ឋមន្ត្រីក្រសួងការពារជាតិម្នាក់ ត្រូវបានបណ្តេញចេញពីការងារកាលពីឆ្នាំមុនជុំវិញករណីពុករលួយជាច្រើនករណី ទោះបីជាលោក មិនត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តអំពើពុករលួយដោយផ្ទាល់ក៏ដោយ។