ប្រណាំងកង់៖ កីឡាករប៊ែលហ្ស៊ិក Tim Merlier បានប្រជែងឈ្នះការប្រកួតដំណាក់កាលទី៣ នៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Tour de France តែកីឡាករហូឡង់ Mathieu van der Poel នៅតែបន្តនាំមុខរួមដដែល។

ដំណាក់កាលទី៣ ដែលមានចម្ងាយផ្លូវ ១៨២.៩គីឡូម៉ែត្រ កីឡាកររបស់ក្រុម Alpecin-Fenix រូបនេះបានមកដល់ទីព្រ័ត្រមុនគេចំណាយពេល ៤ម៉ោង ២៨នាទី ១វិនាទី តាមពីក្រោយដោយមិត្តរួមជាតិ និងជាមិត្តរួមក្រុម Jasper Philipsen និងលេខ៣ កីឡាករបារាំង Nacer Bouhanni ពោលគឺអ្នកទាំង៣ សុទ្ធតែមានថេរវេលាដូចគ្នាទាំងអស់។ យ៉ាងណាក្តីក្រោយ ៣ដំណាក់កាលនេះ កីឡាករហូឡង់ Mathieu van der Poel ដែលឈ្នះដំណាក់កាលទី២ នោះ និងបានលេខ៧ នៅដំណាក់កាលទី៣ នេះនៅតែបន្តនាំមុខគេក្នុងតារាងវេលារួមដដែល មានវេលាចំណេញ ៨វិនាទីពីលើអ្នកលេខ២ កីឡាករបារាំង Julian Alaphilippe និងលេខ៣ កីឡាករអេក្វាដ័រ Richard Carapaz យឺតជាងអ្នកនាំមុខ ៣១វិនាទី។ សំរាប់ដំណាក់កាលទី៤ ថ្ងៃអង្គារនេះមានចម្ងាយផ្លូវ ១៥០.៤គីឡូម៉ែត្រ ដែលជាដំណាក់កាលប្រណាំងលើស្ថានភាពផ្លូវរាបស្មើធម្មតា៕
អត្ថបទ៖នាង សុភាវុធ