ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន(Vladimir Putin) និងប្រធានាធិបតីបេឡារុស លោក អាឡិចសានឌ័រ លូកាស្សេនកូ (Alexander Lukashenko) បាននិយាយថា មេដឹកនាំទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា និងវិស័យផ្សេងៗទៀត។ មេដឹកនាំទាំងពីរ បានជួបគ្នានៅក្នុងទីក្រុងធំបំផុតទីពីររបស់រុស្ស៊ី សឺត ភីធឺស្បឺក (St. Petersburg) កាលពីថ្ងៃអាទិត្យ។

លោកពូទីន បាននិយាយនៅពេលចាប់ផ្តើមកិច្ចពិភាក្សាថា ប្រទេសទាំងពីរ កំពុងអភិវឌ្ឍទំនាក់ទំនងលើគ្រប់វិស័យ រួមទាំងសេដ្ឋកិច្ច ការអប់រំ និងវប្បធម៌។ លោក Lukashenko បានឆ្លើយតបថា ភាគីទាំងពីរកំពុងពិភាក្សាយ៉ាងយកចិត្តទុកដាក់អំពីរបៀបអភិវឌ្ឍសេដ្ឋកិច្ច និងឧស្សាហកម្មយោធារបស់ប្រទេសទាំងពីរ។

រុស្សី និងបេឡារុស កំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មពីសំណាក់បណ្តាប្រទេសលោកខាងលិច ជុំវិញការឈ្លានពានលើអ៊ុយក្រែនដែលនៅតែបន្ត។ លោក Putin និងលោក Lukashenko នឹងចូលរួមកិច្ចប្រជុំមួយនៅថ្ងៃចន្ទនេះ ដើម្បីបញ្ជាក់ឡើងវិញនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខទ្វេភាគី ក្នុងគោលបំណងបង្កើតរដ្ឋសហជីពមួយ។
ទន្ទឹមនឹងនេះ អង្គភាពសេវាសន្តិសុខរបស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ បានប្រកាសពីការស៊ើបអង្កេតលើមនុស្ស ៥ នាក់ ពីបទសង្ស័យប៉ុនប៉ងកេងបន្លំប្រាក់ប្រហែល ៤០ លានដុល្លារនៅក្នុងការទិញគ្រាប់កាំភ្លើងធំ។ ករណីពុករលួយជាបន្តបន្ទាប់ បានលេចចេញជាពន្លឺនៅក្នុងប្រទេសអ៊ុយក្រែន ដែលធ្វើឲ្យរដ្ឋាភិបាលស្ថិតក្រោមការត្រួតពិនិត្យជាសាធារណៈយ៉ាងដិតដល់។
ប្រទេសលោកខាងលិច ដែលបាននិងកំពុងផ្គត់ផ្គង់ជំនួយយោធា ដើម្បីជួយអ៊ុយក្រែន ការពារខ្លួនប្រឆាំងការឈ្លានពានរបស់រុស្ស៊ី ក៏កំពុងជំរុញឱ្យទីក្រុងគីវ បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឡើងវិញ ដើម្បីលុបបំបាត់អំពើពុករលួយ។