ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ នៅខែកុម្ភៈខាងមុខនេះ នឹងបើកយុទ្ធនាការចុះផ្សព្វផ្សាយអំពីផែនការអាជីព នៃការជ្រើសរើសជំនាញសិក្សា និងថ្នាក់ឧត្តមសិក្សាដល់សិស្សានុសិស្សតាមសាលារៀន ដើម្បីបង្ហាញអំពីរបៀបស្វែងរកការងារ និងការប្រឹក្សាយោបល់អំពីការរៀបចំផែនការអាជីពជាដើម ក្រោយបញ្ចប់ថ្នាក់ឧត្តមសិក្សា។

លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ បានមានប្រសាសន៍ប្រាប់ ប៊ីធីវី ឲ្យដឹងថា នៅខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ មជ្ឈមណ្ឌលការងារ នឹងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តសកម្មភាពថែមទៀត ដោយគ្រោងរៀបចំសិក្ខាសាលាតម្រង់ទិសជូនដល់សិស្សានុសិស្សតាមសាលាសាធារណៈ និងឯកជន ទៅលើផែនការអាជីព នៃការជ្រើសរើសជំនាញសិក្សា និងថ្នាក់ឧត្តមសិក្សា។ លោកបានបន្តថា គោលដៅរួមសិក្ខាសាលានេះ គឺជួយតម្រង់ទិសយុវជនដែលកំពុងបន្តរៀនមធ្យមសិក្សា ថ្នាក់ទី១០ ១១ និង១២ ឲ្យយល់បានកាន់តែច្បាស់អំពីការស្វែងយល់ពីខ្លួនឯង។

លោកបានឲ្យដឹងទៀតថា ការងារទាំងអស់នេះ ដើម្បីជំរុញឲ្យយុវជនបានស្វែងយល់ខ្លួនឯងឲ្យបានល្អ បានច្បាស់ គឺត្រូវធ្វើការបំពេញកំរងសំនួរទាំងឡាយដែល NEA រៀបចំជូន ដែលផ្តោតលើ ៤ចំណុចសំខាន់ មានដូចជា ១.ស្វែងយល់អំពីចំណង់ចំណូលចិត្ត តើចំណង់ចំណូលចិត្តបច្ចុប្បន្នរបស់គាត់បែបណាដែរ ហើយគាត់ចូលចិត្តរៀនមុខវិជ្ជាអ្វីខ្លះ? ហើយគាត់ចូលចិត្តបំពេញកិច្ចការបែបណាដែរ? ដែលទាំងអស់នេះហើយ គឺនឹងធ្វើការបំពេញសម្របសម្រួលដោយមន្រ្តីទីភ្នាក់ងារមុខរបរ និងការងារ។ ទី២. NEA នឹងសិក្សា ស្វែងយល់ជាមួយគាត់អំពីចំណុចជំនាញ ទេពកោសល្យ។ ទី៣.ការស្វែងយល់អំពីគុណតម្លៃ ដែលផ្តោតថា តើសកម្មភាពគាត់កំពុងរៀនសព្វថ្ងៃ តើមានគុណតម្លៃ និងភាពចាំបាច់ដែរឬទេសម្រាប់គាត់ដែលធ្វើជាប្រចាំថ្ងៃ និងទី៤.បុគ្គលិក លក្ខណៈថា តើប្អូនៗមានបុគ្គលិកលក្ខណៈបែបណាខ្លះ? ដូច្នេះចំណុចទាំង៤ខាងលើនេះ NEA នឹងធ្វើការពន្យល់ណែនាំអំពីរបៀបបំពេញ ដើម្បីឲ្យខ្លួនឯងច្បាស់។

លោក ឆោម សុខឿន បានបញ្ជាក់ថា យុទ្ធនាការនេះដែរ មានគោលបំណង ដើម្បីឲ្យសិស្សានុសិស្សរើសជំនាញ រើសមុខវិជ្ជាមុខឲ្យសមស្របនឹងចំណង់ចំណូលចិត្ត ចៀសវាងការរើសមុខវិជ្ជាឧត្តមសិក្សាដោយតាមគ្នីគ្នា តាមការណែនាំដោយគ្មានមូលដ្ឋានច្បាស់លាស់ អញ្ចឹងហើយទើបយើងនឹងនាំឯកសារទៅដើម្បីឲ្យគាត់មានមូលដ្ឋានកាន់តែច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការរើសមុខជំនាញឲ្យត្រូវជំនាញ សម្រាប់វិថីដើរទៅថ្ងៃខាងមុខបន្តទៀត ដូច្នេះឯកសារនេះគឺសំខាន់ណាស់សម្រាប់សិស្ស។

លោកបន្ថែមទៀតថា ដើម្បីឲ្យសិស្សយល់កាន់តែច្បាស់ គឺភ្ជាប់ជាមួយតម្រូវការទីផ្សារការងារ ខណៈប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍ ហើយតម្រូវការទីផ្សារការងារបែបណា វិស័យណាដែលកំពុងមានការកើនឡើង។ តម្រូវការ លក្ខខណ្ឌទាមទារការងារបែបណា ដែលតម្រូវការរបស់និយោជកមានការកើនឡើង, ឱកាសការងារក្នុងវិស័យអ្វីខ្លះដែលកំពុងមានការកើនឡើង ហើយកើនឡើងអ្វីខ្លះ ដូចជាជំនាញ និងលក្ខខណ្ឌបច្ចេកទេស និងបទពិសោធន៍ជាដើម។ អញ្ចឹង NEA នឹងពាំនាំពីរបាយការណ៍អង្កេតពីនិយោជកដែលយើងធ្វើការជាមួយនិយោជក ដើម្បីផ្សព្វផ្សាយដល់យុវជន សិស្ស និស្សិតឲ្យបានដឹងពីនិន្នាការបច្ចុប្បន្ន ក៏ដូចជាថ្ងៃខាងមុខ ដើម្បីឲ្យគាត់មានលទ្ធភាពគ្រប់គ្រាន់ និងសេចក្តីសម្រេចចិត្តនៅពេលគាត់ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីទីភ្នាក់ងារជាតិមុខរបរ និងការងារ។

បច្ចុប្បន្ន ទីភ្នាក់ងារជាតិមុខរបរ និងការងារ មានមជ្ឈមណ្ឌលការងារសរុបចចំនួន១៤ នៅបណ្តារាជធានី ខេត្តមួយចំនួន និងមជ្ឈមណ្ឌលការងារចល័តពិសេសចុះតាមសាកលវិទ្យាល័យ មូលដ្ឋានចំនួន៥ ដើម្បីសម្របសម្រួលដើម្បីផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធអាជីព និងការងារឲ្យកាន់តែទូលំទូលាយដល់សិស្សានុសិស្ស និស្សិត យុវជន អ្នកស្វែងរកការងារ និងអ្នកចង់ផ្លាស់ប្តូរការងារជាដើម៕


