ប្រទេសនីហ្សេ ម៉ាលី និងបួគីណាហ្វាសូ ដែលជារដ្ឋអាហ្វ្រិកខាងលិចចំនួនបី ដឹកនាំដោយយោធា បាននិយាយកាលពីថ្ងៃអាទិត្យ (២៨ មករា) ថាពួកគេកំពុងចាកចេញជាបន្ទាន់ពីសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) ដែលជាប្លុកសេដ្ឋកិច្ចក្នុងតំបន់ដែលបានជំរុញឱ្យបណ្ដាប្រទេសទាំងនោះត្រឡប់ទៅការគ្រប់គ្រងលទ្ធិប្រជាធិបតេយ្យវិញ។

ការសម្រេចរបស់រដ្ឋទាំងបី ដែលត្រូវបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍រួមក្នុងពេលដំណាលគ្នានៅលើប៉ុស្តិ៍ទូរទស្សន៍ជាតិរបស់ពួកគេនេះ គឺជាការប៉ះទង្គិចដល់កិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មក្នុងតំបន់របស់ប្លុក បន្ទាប់ពីខ្លួនបានផ្អាកសមាជិកភាពរបស់ប្រទេសទាំងនេះ ក្រោយការធ្វើរដ្ឋប្រហារ។

ជំហាននេះអាចធ្វើឲ្យប្លុក ECOWAS កាន់តែចុះខ្សោយបន្ថែមទៀត ខណៈខ្លួនជួបការលំបាកក្នុងការទប់ស្កាត់ការដកថយតាមបែបប្រជាធិបតេយ្យនៅក្នុងតំបន់អាហ្វ្រិកខាងលិច។ ជាការឆ្លើយតបទៅនឹងការដកខ្លួននេះ ប្លុក ECOWAS បាននិយាយថា ខ្លួនមិនទាន់ទទួលបានការជូនដំណឹងជាផ្លូវការណាមួយអំពីការចាកចេញរបស់ប្រទេសទាំងបីនេះទេ ហើយបានបដិសេធការអត្ថាធិប្បាយបន្ថែម។

ប្លុកអាហ្រ្វិកខាងលិចមួយនេះធ្លាប់បាននិយាយថា ខ្លួនមិនទទួលស្គាល់រដ្ឋាភិបាលដែលដឹកនាំដោយយោធាឡើយ ដោយប្តេជ្ញាថាការធ្វើរដ្ឋប្រហារនឹងមិនអាចអត់ឱនបានទៀតទេបន្ទាប់ពីការកាន់កាប់យោធានៅក្នុងប្រទេសម៉ាលី បួគីណាហ្វាសូ និងហ្គីណេ និងការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅហ្គីណេប៊ីស្សូ៕