ស៊ីរី៖ កងទ័ពសហរដ្ឋអាមេរិកបានរងការបាញ់ប្រហារ ដោយគ្រាប់រ៉ូកែតនៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃចន្ទ ប៉ុន្តែបានរួចផុតពីការរងរបួសនៅក្នុងសកម្មភាព ដែលទំនងជាការសងសឹក ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍ ប្រឆាំងនឹងកងជីវពលដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់នៅស៊ីរី និងអ៊ីរ៉ាក់។

អ្នកនាំពាក្យយោធាសហរដ្ឋអាមេរិកម្នាក់បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិកត្រូវបានរងការវាយប្រហារដោយរ៉ូកែតជាច្រើនគ្រាប់ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។ លោកវរសេនីយ៍ទោ Wayne Marotto បាននិយាយថា មិនមានអ្នករងរបួស និងការខូចខាតត្រូវបានគេវាយតម្លៃនោះទេ។ យើងនឹងផ្តល់ព័ត៌មានថ្មីៗនៅពេលដែលយើងមានព័ត៌មានបន្ថែម។ ប្រភពនៅតំបន់ Deir al Zor ភាគខាងកើតប្រទេសស៊ីរីបាននិយាយថា ក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់កាំភ្លើងធំពីរបីគ្រាប់នៅក្បែរតំបន់ប្រេង al Omar គ្រប់គ្រងដោយកម្លាំងប្រជាធិបតេយ្យស៊ីរីដែលគាំទ្រដោយសហរដ្ឋអាមេរិក។ កងជីវពលអ៊ីរ៉ាក់ដែលគាំទ្រដោយអ៊ីរ៉ង់ បានប្ដេជ្ញាសងសឹកចំពោះការវាយប្រហារតាមអាកាសរបស់អាមេរិក ហើយបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយថា ពួកគេនឹងបន្តដាក់គោលដៅលើកងកម្លាំងសហរដ្ឋអាមេរិក។
ពួកគេបាននិយាយថា “យើង…នឹងសងសឹកបំណុលឈាមនៃពួកទុក្ករបុគ្គលសុចរិតរបស់យើង ប្រឆាំងនឹងជនល្មើសឧក្រិដ្ឋកម្មដ៏សាហាវនេះ ហើយដោយមានជំនួយពីព្រះ យើងនឹងធ្វើឱ្យខ្មាំងសត្រូវភ្លក់រស់ជាតិល្វីងជូរចត់ នៃការសងសឹករបស់យើង។ ប៉ុន្មានម៉ោងមុននេះ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken និងសេតវិមានបានការពារការវាយប្រហារ របស់សហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់ និងស៊ីរីកាលពីថ្ងៃអាទិត្យ ដែលជាមធ្យោបាយមួយដើម្បីកាត់បន្ថយហានីភ័យនៃជម្លោះ៕
អត្ថបទ៖ សុខមាន