នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ អាជ្ញាធរខណ្ឌច្បារអំពៅ បានបន្តសកម្មភាពក្នុងការចុះផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ នៃគ្រឿងញៀន ដល់សិស្សានុសិស្សវិទ្យាល័យព្រែកថ្មី ស្ថិតក្នុងសង្កាត់ព្រែកថ្មី ដើម្បីបញ្ចៀបការយល់ដឹងឱ្យបានកាន់តែទូលំទូលាយ ។

លោកវរសេនីយ៍ទោ ឡូ ភារម្យ អធិការរងនគរបាលខណ្ឌច្បារអំពៅ ទទួលផែននគរបាលប្រឆាំងគ្រឿងញៀន បានប្រាប់ឱ្យដឹងថា ៖ ថ្ងៃនេះ នគរបាលជំនាញ បានធ្វើការពន្យល់ និងបង្ហាញដល់ក្មួយៗ សិស្សានុសិស្ស ពីចំណុចជាច្រើន នៃផលវិបាកអំពីគ្រឿងញៀន ដោយសិស្សានុសិស្ស ក៏បានផ្តោះផ្តងជាមួយសំណួរ និងការងឿងឆ្ងល់មួយចំនួនរបស់ពួកគាត់មកកាន់សមត្ថកិច្ចវិញផងដែរ ដើម្បីសុំការបកស្រាយបញ្ជាក់ ។

សិស្សានុសិស្ស យល់ឃើញថា ៖ ពួកគាត់បានយល់ជ្រាបកាន់តែច្បាស់ ពីចំណុចដែលពួកគាត់ពុំសូវបានដឹង លើផលប៉ះពាល់ នៃគ្រឿងញៀន បន្ទាប់ពីបានចូលរួមក្នុងការស្តាប់ការពន្យល់ណែនាំរបស់នគរបាលជំនាញនៅថ្ងៃនេះ ។ សិស្សានុសិស្ស បន្ថែមថា គ្រឿងញៀន គឺជាដើមចមចម្បងបំផុត នៃការបំផ្លាញធនធានមនុស្ស គ្រួសារ និងសង្គមជាតិទាំងមូល ។

លោកញាណ ច័ន្ទសោភា អភិបាលរងខណ្ឌច្បារអំពៅ ទទួលផែនការងារសន្តិសុខ បានប្រាប់ឱ្យដឹងថា ទន្ទឹមនឹងការចុះអប់រំលើបញ្ហាគ្រឿងញៀនខាងលើនេះដែរ បញ្ហាទប់ស្កាត់សិស្សានុសិស្សដែលគេចសាលា ហើយនាំទៅអង្គុយពពាក់ពពូននៅតាមបណ្តាទីតាំងរោងកាហ្វេ ទីតាំងស្នូកឃ័រ ក៏ត្រូវបានអាជ្ញាធរយកចិត្តទុកដាក់ផងដែរ ។
សូមបញ្ជាក់ បញ្ហាគ្រឿងញៀននេះ គឺជាការងារអាទិភាពចម្បងទី០៤ ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ កំពុងយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំង ដូច្នោះហើយអាជ្ញាធរថ្នាក់ក្រោមជាតិ ក៏កំពុងខិតខំបន្តបង្ក្រាប និងដាក់ចេញនូវយន្តការចុះផ្សព្វផ្សាយជាបន្តបន្ទាប់ដល់ពលរដ្ឋ និងតាមសាលា និងវិទ្យាល័យទាំងអស់នៅក្នុងមូលដ្ឋាន ដើម្បីជាការតាសតឿន និងក្រើនរំលឹកដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី ឱ្យជៀសឆ្ងាយដាច់ខាត និងត្រូវនិយាយថាទេចំពោះគ្រឿងញៀន ៕ អត្ថបទ ៖ លីហេង







