
សហរដ្ឋអាមេរិក កំពុងពិចារណាលើការយឺតយ៉ាវ ឬផ្អាកការផ្តល់អាវុធមួយចំនួនដល់អ៊ីស្រាអែល ដើម្បីដាក់សម្ពាធលើលោកបេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) ឲ្យកាត់បន្ថយប្រតិបត្តិការយោធានៅតំបន់ហ្កាហ្សា នេះបើយោងតាមសារព័ត៌មាន NBC News ។
សេតវិមានកាលពីថ្ងៃអាទិត្យ បាននិយាយថា មិនមានការផ្លាស់ប្តូរនៅក្នុងគោលនយោបាយអ៊ីស្រាអែលរបស់ខ្លួន បន្ទាប់ពីរបាយការណ៍របស់សារព័ត៌មាន NBC News ដែលអះអាងថា មន្ទីរបញ្ចកោណ កំពុងពិនិត្យមើលសំណើសុំអាវុធពីអ៊ីស្រាអែល ដើម្បីកំណត់នូវអ្វីដែលអាចត្រូវបានប្រើប្រាស់ជាអានុភាព។
រដ្ឋបាលរបស់ប្រធានាធិបតីចូ បៃដិន ត្រូវបានគេរាយការណ៍ថា ផ្តោតលើឧបករណ៍យោធាវាយលុក ដែលមានន័យថា ការផ្លាស់ប្តូរណាមួយ មិនត្រូវបានគេរំពឹងថា នឹងប៉ះពាល់ដល់ការផ្តល់ប្រព័ន្ធការពារដែនអាកាសនោះទេ។
នៅពេលសាកសួរលើរបាយការណ៍ សេតវិមាន បាននិយាយថា ជំហររបស់ខ្លួន នៅតែដដែល។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានបានបញ្ជាក់ថា៖«អ៊ីស្រាអែលមានសិទ្ធិ និងកាតព្វកិច្ចការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងរបស់ក្រុមហាម៉ាស ខណៈពេលដែលគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ និងការពារអាយុជីវិតជនស៊ីវិល ហើយយើងនៅតែប្តេជ្ញាចិត្តគាំទ្រអ៊ីស្រាអែល ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាស។
ពួកគេបានបន្ថែមថា៖ «ពុំមានការផ្លាស់ប្តូរនៅក្នុងគោលនយោបាយរបស់យើងទេ។