
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានអនុវត្តការកាត់ទោសប្រហារជីវិតមនុស្ស ៤នាក់ នៅពីថ្ងៃចន្ទ (២៩ មករា) នេះដែលខ្លួននិយាយថាមានទំនាក់ទំនងនឹងប្រតិបត្តិការស៊ើបការណ៍ចារកម្មសម្ងាត់របស់អ៊ីស្រាអែល បន្ទាប់ពីតុលាការកំពូលបានច្រានចោលការប្ដឹងឧទ្ធរណ៍របស់ពួកគេ។
ជនជាប់ចោទត្រូវបានចោទប្រកាន់ពីបទចូលទឹកដីអ៊ីរ៉ង់ដោយខុសច្បាប់ពីតំបន់ ឃើឌីស្ថាន (Kurdistan) របស់អ៊ីរ៉ាក់ ដើម្បីអនុវត្តប្រតិបត្តិការបំផ្ទុះគ្រាប់បែកនៅក្នុងរោងចក្រដែលមានមូលដ្ឋាននៅទីក្រុងអ៊ីសហ្វាហាន (Isfahan) ដែលផលិតឧបករណ៍សម្រាប់ក្រសួងការពារជាតិអ៊ីរ៉ង់។
យោងតាមរបាយការណ៍បានឱ្យដឹងថា ប្រតិបត្តិការរបស់ពួកគេគឺធ្វើឡើងក្នុងរដូវក្តៅឆ្នាំ២០២២ ក្នុងនាមទីភ្នាក់ងារចារកម្មម៉ូសាដ (Mossad) របស់អ៊ីស្រាអែល ហើយត្រូវបានរារាំងដោយចារកម្មអ៊ីរ៉ង់។
អ៊ីរ៉ង់ និងអ៊ីស្រាអែល គឺជាសត្រូវដ៏យូរអង្វែង ហើយបច្ចុប្បន្នកំពុងជាប់គាំងក្នុងជម្លោះជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ អ៊ីស្រាអែល ចោទអ៊ីរ៉ង់ ពីការគាំទ្រការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប្រឆាំងនឹងខ្លួន ខណៈអ៊ីរ៉ង់និយាយថា អ៊ីស្រាអែលបានធ្វើការសម្លាប់មន្ត្រី និងអ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ជាច្រើននាក់។ អ៊ីស្រាអែលមិនបញ្ជាក់ ឬបដិសេធចំពោះការចោទប្រកាន់របស់អ៊ីរ៉ង់នេះទេ៕